ដោយៈសុជាតា
ភ្នំពេញៈ ប្រទេសកម្ពុជាស្ថិតក្នុងចំណោម បណ្តាប្រទេសអាស៊ានមួយ ដែលវិនិយោគិនអាចរកផលចំណេញច្រើន និងប្រាក់ចំណូលបានខ្ពស់ ពីការវិនិយោគលើវិស័យអចលនទ្រព្យ។
យោងតាមអ្នកជំនាញអចលនវត្ថុកម្ពុជាបានបញ្ជាក់ថា ក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា ជាតំបន់មួយ ដែលរកនូវប្រាក់ចំណូលខ្ពស់ ពីការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះតម្លៃអចលនទ្រព្យ នៅកម្ពុជាមានតម្លៃទាបនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង។ វិស័យអចលនទ្រព្យនៅកម្ពុជាគឺជាវិស័យមួយ ដែលមានសារៈសំខាន់មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ហើយអ្នកវិនិយោគិនជាច្រើន ទាំងក្នុងស្រុក និងក្រៅប្រទេសបាននិងកំពុងវិនិយោគលើវិស័យមួយនេះ។
បន្ថែមពីនោះទៀត អ្នកវិនិយោគិនពីក្រៅប្រទេស មើលឃើញអំពីគោលនយោបាយរបស់កម្ពុជា មានភាពរឹងមាំ និងគាំទ្រលើវិស័យអចលនទ្រព្យ តាមរយៈប្រព័ន្ធធនាគារ សុវត្ថិភាព និងសុខសន្ដិភាពជាដើម ។
បើតាមការពន្យល់ពីសំណាក់អ្នកជំនាញអចលទ្រព្យ អ្នកវិនិយោគទាំងក្នុងស្រុក និង បរទេសបានឲ្យដឹងថា អ្នកវិនិយោគជាច្រើន អាចរំពឹងទុកលើផលចំណេញខ្ពស់ខាងផ្នែកដីធ្លី ក្រោយវិបត្តិកូវីដ១៩ ដោយតម្លៃដីធ្លីនឹងមានការកើនឡើងផងដែរ ជាពិសេសគម្រោង ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ អាគារពាណិជ្ជកម្ម ផ្សារទំនើប កាស៊ីណូជាដើម ដែលអ្នកវិនិយោគចិន នឹងមកដល់ទីផ្សារកម្ពុជាកាន់តែច្រើន។
ជាងនេះទៀត វិនិយោគលើការជួលអចលនទ្រព្យ ជាមធ្យោបាយមួយដែលម្ចាស់ផ្ទះរកលុយបាន គឹការប្រមូលថ្លៃជួលផ្ទះ។
អ្នកស្រីអាន សុធីតាអ្នកវិភាគអចលនទ្រព្យឯករាជ្យ បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជា អ្នកវិនិយោគទទួលបានផលចំណេញចន្លោះពី៥ទៅ៧ភាគរយប្រចាំឆ្នាំ ធៀបនឹងប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម ផលចំណេញរបស់ពួកគេមានចន្លោះពី៤ទៅ៥ភាគរយប៉ុណ្ណោះ។
អ្នកស្រីបន្តថា “ហេតុផលដែលកម្ពុជា ទទួលផលចំណេញពីការវិនិយោគខ្ពស់ ដោយសារកម្ពុជាជាទីផ្សារថ្មី ដែលមានភាពលូតលាស់លឿន ការសម្រេចបានកំនើនសេដ្ឋកិច្ចខ្ពស់ កំនើនប្រជាជនវ័យក្មេង និងកត្តាសុខសន្តិភាព និងស្ថេរភាពសង្គមរយៈពេលវែង”៕