ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ រហូតមកដល់ពេលនេះ មិនទាន់មានផ្សារទំនើបធំណាមួយ លេចចេញជារូបរាងនៅឡើយទេ ប៉ុន្តែនៅពេលឆាប់ៗនេះ ផ្សារទំនើបធំមួយតម្លៃ៣០០លានដុល្លារអាមេរិក នឹងលេចចេញជារូបនៅពេលឆាប់ៗខាងមុខនេះ ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល។
ផ្សារទំនើបដែលវិនិយោគ៣០០លានដុល្លារអាមេរិកនេះ ក្រោមការវិនិយោគរបស់វិនិយោគិនជនជាតិចិន និងជាផ្សារទំនើប ដែលមានលក់ទំនិញនាំចូលពីប្រទេសក្រៅជាច្រើនមុខ ហើយក៏ជាផ្សារមួយដែលនឹងទាក់ទាញ នូវការវិនិយោគតំបន់ប៉ែកខាងលិចរាជធានីភ្នំពែញកាន់តែខ្លាំងឡើង ។
លោកហ៊្វូជៀន អគ្គនាយកផ្សារទំនើប Samanea ដែលជាផ្សារតម្លៃ៣០០លានដុល្លារនេះបានឱ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាជាប្រទេសនៅកណ្ដាលតំបន់អាស៊ាន ហើយកម្ពុជា ជាប្រទេសមានទីផ្សារបើកចំហរ និងមានគោលនយោបាយវិនិយោគទាក់ទាញ សម្រាប់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុនវិនិយោគ ។ ម្យ៉ាងទៀត តម្លៃពលកម្មនៅក្នុងប្រទេសកម្ពុជាក៏នៅមានកម្រិត ជាមួយនឹងការអនុគ្រោះ របស់រាជរដ្ឋាភិបាលសម្រាប់វិនិយោគិនផងដែរ ។
លោកបន្តថា “បច្ចុប្បន្ននេះផ្សារទំនើបSamamea មានវត្តមាននៅលើប្រទេសចំនួន៨រួមទាំងកម្ពុជា។ ដោយឡែកសម្រាប់ផ្សារទំនើបSamanea នៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំនុចគីឡូម៉ែត្រលេខ២៣ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល មានផ្ទៃដី៥០ម៉ឺនម៉ែត្រការ៉េ ដែលអាចផ្គត់ផ្គង់ទំនិញជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា”។
លោកច្រឹកសុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា តំបន់ប៉ែកខាងលិចជាតំបន់មួយ ដែលមានការទាក់ទាញលើការវិនិយោគសម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ ហើយតំបន់នេះក៏មិនទាន់មានផ្សារទំនើបធំៗនៅឡើយ ខណៈកំណើនប្រជាពលរដ្ឋនៅតំបន់នេះកាន់តែច្រើន ។
ជាការកត់សម្គាល់គេឃើញថាតំបន់ប៉ែកខាងលិច នៅក្នុងខណ្ឌកំបូលមានការអភិវឌ្ឍទៅលើបុរីលំនៅឋានជាច្រើន និងមានមនុស្សរស់នៅកាន់តែច្រើន ប៉ុន្តែតំបន់នេះមិនមានផ្សារទំនើបស្ដង់ដារនៅឡើយ ហើយប្រជាពលរដ្ឋដែលត្រូវការទិញទំនិញនៅក្នុងផ្សារទំនើប ក៏ត្រូវធ្វើដំណើរមកកាន់កណ្ដាលក្រុង ខណៈចរាចរណ៍ក៏មានភាពមមាញឹក ។
ការវិនិយោគលើផ្សារទំនើប នៅតំបន់ប៉ែកខាងលិចគេជឿថា នឹងទទួលបានការគាំទ្រទាំងពលរដ្ឋក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តជិតៗដូចជាខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺជាដើម៕