ដោយៈសុខុម
តៃប៉ិ: កោះតៃវ៉ាន់ទទួលបានកំណើនបញ្ជាទិញ ក្នុងរយៈពេល១៨ខែជាប់ៗគ្នាកាលពីខែសីហា កន្លងទៅដោយសារការកើនឡើង តម្រូវការផលិតផលបច្ចេកវិទ្យាអំឡុងពេលកូវីដ-១៩ និងរដូវកាលទិញអីវ៉ាន់មុនដាច់ឆ្នាំ។ នេះបើយោងតាមការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញនៅថ្ងៃពុធ ទី២២ កញ្ញា នេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAឱ្យដឹងថា អ្នកជំនាញសេដ្ឋកិច្ចចំនួន១៨នាក់ ដែលបានឆ្លើយនៅក្នុងការស្ទង់មតិនេះ បានបង្ហាញសុទិដ្ឋិនិយម និងរំពឹងថា កោះតៃវ៉ាន់ នឹងទទួលបានកំណើនបញ្ជាទិញ២០,៧% បើធៀបនឹងឆ្នាំ២០២០។
ចំនួនបញ្ជាទិញដែលកោះតៃវ៉ាន់ ទទួលបានគឺឈានមុខគេ សម្រាប់ការនាំចេញប្រចាំតំបន់អាស៊ី ហើយនាំមុខការនាំចេញជាក់ស្ដែង២ទៅ៣ខែ។ ការបញ្ជាទិញដែលកោះតៃវ៉ាន់ ទទួលបាន ជាពិសេសផលិតផលបច្ចេកវិទ្យា បានកើនឡើង២១,៤%កាលពីខែកក្កដា រហូតដល់៥៥,៣ពាន់លានដុល្លារ។
ក្រុមហ៊ុនសហគ្រាសផលិតនានារបស់តៃវ៉ាន់ធំជាច្រើន ដូចជា ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company, Limited (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកជាដើម គឺជាផ្នែកដ៏សំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក សម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស រួមទាំងក្រុមហ៊ុនអាមេរិក Apple Inc ផងដែរ។
ទិន្នន័យសម្រាប់ខែសីហា នឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា នេះ៕ Reuters។
សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ ទទួលបានកំណើន២,៩៨%ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ដែលធ្វើឱ្យកោះតៃវ៉ាន់ ក្លាយជាសេដ្ឋកិច្ចតែមួយគត់នៅអាស៊ី ដែលទទួលបានកំណើនសេដ្ឋកិច្ចល្អជាងគេ ហើយវ៉ាឈ្នះប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំមកនេះ ខណៈចិន ទទួលបានកំណើនសេដ្ឋកិច្ចត្រឹមតែ២,៣%។
តាមការព្យាករថា សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ នឹងទទួលបានកំណើន៥,៨៨%នៅក្នុងឆ្នាំ២០២១ នេះ៕