ដោយៈ សុជាតា
ភ្នំពេញៈ ផ្លូវលេខ ២០០៤ បានក្លាយជាតំបន់អភិវឌ្ឍន៍ចំរុះ និងជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋានថ្នាក់កណ្តាល ដោយសាលារាជធានីភ្នំពេញបាន និងកំពុងពន្លឿនការស្តារហេដ្ឋារចនាសម្ពន្ធ ដើម្បីបង្កើតការដឹកជញ្ជូនងាយស្រួលសម្រាប់ប្រជាជន។
ជាមួយនឹងការអភិវឌ្ឍគម្រោងបុរី សាលារៀនអន្តរជាតិ លំនៅដ្ឋានចម្រុះនៅរយៈពេល៤ឆ្នាំ ទៅ៥ឆ្នាំចុងក្រោយនេះ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ផ្លូវក្នុងឆ្នាំ២០០៤ ដែលជាធម្មតាហៅថាផ្លូវម៉ា ដាយបានដាច់ចេញពីផ្លូវហាយវ៉េ២៧១ ដល់ព្រលានយន្តហោះ ដោយចាប់ផ្តើមការអភិវឌ្ឍលំនៅដ្ឋាន និងអចលនទ្រព្យនឹងក្លាយជាតំបន់អភិវឌ្ឍន៍ប្រើប្រាស់ចម្រុះ។
លោកប៉ូអ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុន 𝐀𝐝𝐯𝐚𝐧𝐜𝐞 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 បានឱ្យដឹងថានារសៀលថ្ងៃទី២២ កញ្ញានេះថា ផ្លូវក្នុងឆ្នាំ 𝟐𝟎𝟎𝟒 គឺជាតំបន់អភិវឌ្ឍចំរុះ ដោយបែងចែកជាពីរ ប្រភេទ គឺផ្នែកពាណិជ្ជកម្ម និងស្នាក់នៅ។ សម្រាប់ពេល៤ ឆ្នាំ ទៅ ៥ ឆ្នាំចុងក្រោយ តំបន់នេះប្រមូលផ្តុំដោយអភិវឌ្ឍមួយចំនួន ដូចជា ខុនដូរ វិឡា អាគារពាណិជ្ជកម្ម។
លោកបន្តថា “ការអភិវឌ្ឍគឹមានគ្រប់តាមដងផ្លូវ ដូចជា ការបង្កើតអាជីវកម្ម សាលារៀន ផ្សារ Midtown លំដាប់មធ្យម និងបុរីOrkide ក៏មាន Shopping Mall ដែលធ្វើអោយតំបន់នេះ ក្លាយទៅជាតំបន់ទំនើបស៊ីវិល័យ”។
យោងតាមលោកប៉ូ អ៊ាវគង់បានបញ្ជាក់បន្ថែមទៀតថា បើគិតតម្លៃចាប់ពីទំហំ ១ ពាន់ម៉ែត្រការ៉េឡើងទៅ យើងបានបែងចែកតម្លៃដីធ្លីជាពីរផ្នែកធំៗ គឺចាប់ផ្តើមផ្លូវ ២៧១ រហូតដល់ ស្តុបសាលារៀន Northbrigh គឺ មានតម្លៃចន្លោះពី ១៥០០ទៅ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដំណាក់ទីពីរ ចាប់ពីស្តុបណូតប្រ៊ីច រហូតដល់ព្រះលានយន្តហោះ គឹតម្លៃដីចាប់ពី១ពាន់ដុល្លារ ទៅដល់១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉ែ។
ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានបញ្ជាក់ប្រាប់Property Area Asia នៅថ្ងៃដដែលថា នៅពេលបច្ចុប្បន្ននេះ យើងឃើញមានគម្រោងអភិវឌ្ឍមួយចំនួនដូចជា មានផ្សារទំនើបលំដាប់មធ្យម ដូចជា Midtown គម្រោងអភិវឌ្ឍបុរីOrkide ដែលធ្វើអោយតម្លៃដីធ្លីនៅតំបន់ បានកើនឡើងគួរអោយកត់សំគាល់។
ការរីកចម្រើនផ្នែកសេដ្ឋកិច្ច បានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងលឿនលើវិស័យអចលនទ្រព្យ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់មធ្យម និងលំដាប់ខ្ពស់ ដោយសារជីវភាពរបស់ប្រចាពលរដ្ឋបានកើនឡើង ដែលធ្វើឲ្យបែបផែនជីវិតរបស់ប្រជាជនក្នុងរាជធានីនេះផ្លាស់ប្តូរស្ទើរទាំងស្រុង៕