ដោយគង់ ម៉ាលីនណា
សៀមរាបៈ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប” ដែលជំរុញឲ្យមានផលិតទេសចរណ៍ថ្មីៗជាច្រើន។
ផែនការមេនេះ មិនត្រឹមតែនៅតំបន់អង្គរទេ គឺបូករួមទាំងតំបន់ជុំវិញតំបន់អង្គរ និងតំបន់ដែលមានសក្ដានុពលផ្សេងទៀត ដូចជា តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងតំបន់បឹងទន្លេសាបជាដើម។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈ ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច)ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។
លោកថោង ខុនបានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរ ដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ “ទេសចរណ៍សុវត្ថិភាព”៕