ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការអភិវឌ្ឍនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រូវបានមើលឃើញថាកំពុងមានការកែប្រែជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរពីតំបន់ឧស្សាហកម្មទាំងស្រុងទៅជាតំបន់លំនៅឋាន និងតំបន់ពាណិជ្ជកម្ម។
ជាក់ស្ដែង បច្ចុប្បន្ននៅតាមបណ្ដោយផ្លូវវេងស្រេង គេសង្កេតឃើញថាមានគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ផ្សារទំនើបសម្រាប់អ្នកចំណូលទាបនិងមធ្យម និងការអភិវឌ្ឍលំនៅឋានជាបន្តបន្ទាប់ ។ នៅពេលអនាគតតំបន់នេះ នឹងក្លាយជាតំបន់អភិវឌ្ឍលំនៅឋាននិងពាណិជ្ជកម្មដ៏មានសក្ដានុពលមួយនៅភ្នំពេញ។
បើតាមលោកប៉ូ អ៊ាវគង់ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងនាព្រឹកថ្ងៃទី២៣ កញ្ញានេះថា វេងស្រេងជាផ្លូវធំ និងសំខាន់មួយនៅរាជធានីភ្នំពេញ ហើយផ្លូវនេះ ក៏ជាផ្លូវតភ្ជាប់ទៅផ្លូវសំខាន់ៗជាច្រើនទៀត ដូចជាផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ ទៅកាន់បណ្ដាខេត្ត និងជាផ្លូវចូលរាជធានីភ្នំពេញដ៏សំខាន់។
លោកបន្តថា “កាលពីមុនតំបន់នេះគេឃើញថា ភាគច្រើនមានការអភិវឌ្ឍទៅលើតំបន់ឧស្សាហកម្ម និងសំបូរទៅដោយរោងចក្រ ឃ្លាំង និងមានកម្មករច្រើនរស់នៅប៉ុន្តែមកដល់ពេលនេះ គម្រោងប្លង់មេរបស់រដ្ឋាភិបាល ក៏បានដាក់ចេញរួចហើយក្នុងការរើរោងចក្រឃ្លាំងចេញពីក្រុង ទៅកាន់តំបន់ជាយក្រុងវិញ ដូចជា ទៅផ្លូវក្រុងទី៣ ទី៤និងទៅផ្លូវ៥១ជាដើម”។
លោកបន្តថា នៅពេលមានការរើចេញនូវឃ្លាំង រោងចក្រហើយកម្មករកម្មការិនីក៏ត្រូវចាកចេញពីតំបន់នេះ ទៅកាន់តំបន់រោងចក្រឧស្សាហកម្មថ្មី តំបន់ផ្លូវវេងស្រេងនឹងជំនួសមកវិញ នូវតំបន់ពាណិជ្ជកម្មនិងលំនៅឋានវិញ ប៉ុន្តែក្រោយការរើចេញភ្លាមៗ វាមិនអាចជំនួសបានមកវិញភ្លាមនោះទេ តែត្រូវការពេលប្រមានកន្លះឆ្នាំទៅ១ឆ្នាំ ដើម្បីបំពេញឡើងវិញនូវសក្ដានុពល ។
លោកបន្ថែមថា “តម្លៃដីធ្លីនៅតំបន់តាមបណ្ដោយផ្លូវវេងស្រេង ក៏នឹងមានការប្រែប្រួលដូចគ្នា នៅពេលមានការកែប្រែសក្ដានុពលតំបន់មួយ ហើយបច្ចុប្បន្ននេះតំបន់ផ្លូវវេងស្រេង ក៏មានតម្លៃខ្ពស់រួចហើយដែរ ដោយ១ម៉ែត្រការ៉េវាមានតម្លៃចន្លោះពី៥០០ដុល្លារទៅ១០០០ដុល្លារទៅហើយ អាស្រ័យលើទីតាំង និងសក្ដានុពលអភិវឌ្ឍន៍នៃតំបន់មួយនេះ”។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia តម្លៃដីធ្លីតំបន់ជិតក្រុង នឹងកាន់តែឡើងថ្លៃជាបន្តបន្ទាប់ នៅពេលមានការអភិវឌ្ឍ ដូច្នេះពលរដ្ឋដែលត្រូវការដីធ្លី ឬអ្នកអភិវឌ្ឍដែលត្រូវការដីធ្លីធំៗ សម្រាប់អភិវឌ្ឍន៍គួរងាកទៅតំបន់ជាយក្រុង ហើយតំបន់ជាយក្រុងបច្ចុប្បន្ន ក៏នឹងក្លាយជាតំបន់កណ្ដាលក្រុង ឬជិតក្រុងនៅពេលអនាគតផងដែរ។
លោកបន្តថា “កម្ពុជានៅមានសក្ដានុពលខ្ពស់ ក្នុងការអភិវឌ្ឍហើយតម្លៃដីធ្លីវិញក៏នៅមានកម្រិតដែរ បើធៀបនឹងបណ្ដាប្រទេសជិតខាងរបស់យើង”៕