ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវយុទ្ធសាស្រ្តអាទិភាពមួយចំនួន ដើម្បីត្រៀមលក្ខណៈចាប់ផ្តើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិជាជំហានៗនាពេលខាងមុខ បន្ទាប់ពីបានផ្អាកអស់មួយរយៈដោយសារ តែការវាយលុកពីជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅកម្ពុជា។
ក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាទេស ចរណ៍ពិភពលោកឆ្នាំ ២០២១ ក្រោមប្រធានបទទេសចរណ៍ “សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន” ដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ខែកញ្ញាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោមានប្រសាសន៍ថា យោងទៅលើល្បឿន នៃការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា សម្ដេចជឿជាក់ថាគោលដៅទេសចរណ៍នៅកម្ពុជា ត្រូវបានមើលឃើញថាពិតជាធានា បាននូវសុវត្ថិភាពទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ។
សម្តេចបានបន្តថា “កត្តានេះរួមផ្សំទៅនឹងការទទួលយកនូវការរស់នៅ ក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗ នូវសកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព”។
សម្ដេចបន្ថែមថា ស្ថិតនៅក្នុងភាពសុទិដ្ឋិ និយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា ត្រូវផ្ដល់កិច្ចសហប្រតិបត្តិការគាំទ្រ ចំពោះការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទ្វារទទួលទេសចរណ៍សុវត្ថិភាព នាពេលខាងមុខ។
សម្តេចតេជោហ៊ុនសែនបានលើកទឹកចិត្តដល់ស្ថាប័នពាក់ ព័ន្ធអាជ្ញាធរមូលដ្ឋានផ្នែកឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិជាតិ និងអន្តរជាតិចូលរួមជំរុញបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈការដាក់ ចុះនូវកម្មវិធីយុវជននិងធុរកិច្ចនៅក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍ ព្រមទាំងលើក កម្ពស់ការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថល ដល់ថ្នាក់មូល ដ្ឋានក្រោមការសម្របសម្រួលដឹក នាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ពិភពលោក សមាគមអន្តរជាតិនិងដៃគូអភិវឌ្ឍន៍នានា។
លោកAlain Brun អគ្គនាយកក្រុមហ៊ុន Cambodia airport បានថ្លែងនៅក្នុងសន្និសីទកាលពីព្រឹកថ្ងៃទី២៣ កញ្ញា ២០២១នេះថា ការបើកភ្លើងខៀវពីរដ្ឋាភិបាលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ គឺជារឿងដែលរំភើបបំផុត ហើយអាកាសយាន ដ្ឋានទាំងបីនៅកម្ពុជា ក៏បានត្រៀមខ្លួនក្នុងការស្វាគមន៍ អ្នកដំណើរបរទេស ក៏ដូចជាអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះផងដែរ។
លោកបន្តថា “ការបើកដំណើរការឡើងវិញ នៃទេសចរណ៍អន្តរជាតិ នឹងផ្ដល់ឱកាសការងារដល់អ្នកជំនាញទេសចរណ៍ ដែលបានបាត់បង់ការងារនៅក្នុងវិបត្តិកូវីដ១៩ ហើយ នឹងជួយពួកគេមានប្រាក់ចំណូល ពីវិស័យជំនាញរបស់ពួកគេឡើងវិញផងដែរ”៕