ដោយៈសុខុម
ញូវយ៉ក: កាលពីថ្ងៃពុធ ទី២២ កញ្ញា ក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះធំបំផុតរបស់សហរដ្ឋអាមេរិក បានប្រកាសផែនការសាងសង់ រោងចក្រដំឡើងយន្តហោះនៅក្រៅប្រទេសដំបូងបង្អស់របស់ខ្លួន។
រោងចក្រដែលនឹងត្រូវសាងសង់នៅក្នុងទីក្រុង Toowoomba ប្រទេសអូស្ត្រាលី នេះ សម្រាប់ដំឡើងយន្តហោះដ្រូនរបស់យោធា មិនមែនយន្តហោះស៊ីវិលសម្រាប់ដឹកអ្នកដំណើរ ដែលជាអាជីវកម្មចម្បងរបស់ក្រុមហ៊ុន Boeing នោះឡើយ។ ទោះជាយ៉ាងណា វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលក្រុមហ៊ុនមួយនេះឈានជើងចេញហួស ពីសហរដ្ឋអាមេរិក។
អាជីវកម្មផ្នែកការពារជាតិ អវកាស និងសន្តិសុខរបស់ក្រុមហ៊ុន Boeing បានក្លាយជាប្រភពប្រាក់ចំណូលដ៏រឹងមាំបំផុតរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលក្រុមហ៊ុននេះជួបការលំបាក។
ផ្អែកតាមរបាយការណ៍បង្ហាញថា អាជីវកម្មផ្នែកនេះ ទទួលបានប្រាក់ចំណូលចំនួន២៦ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨មក ខណៈប្រាក់ចំណូលពីយន្តហោះពាណិជ្ជកម្ម ឬដឹកអ្នកដំណើររបស់ក្រុមហ៊ុននេះ បានដាំក្បាលចុះរហូតទៅ៤១ពាន់លានដុល្លារ ឬស្មើនឹង៧២% ក្នុងគ្រាដែលក្រុមហ៊ុននេះ ប្រឈមមុខនឹងវិបត្តិយន្តហោះ 737 Max និងការរីករាលដាលវីរុសកូវីដ-១៩។
នៅក្នុងឆ្នាំ២០២០ ប្រហែល៨៣%នៃអាជីវកម្ម ផ្នែកការពារជាតិគឺទទួលបានពីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែអាជីវកម្មផ្នែកនេះ ក៏មានអតិថិជនបរទេសធំៗផងដែរ។
មួយភាគធំនៃអាជីវកម្មធំចម្បងរបស់ក្រុមហ៊ុន Boeing គឺបានពីបរទេស។ នៅឆ្នាំ២០១៨ ក្រុមហ៊ុនផលិតយន្តហោះមួយនេះ ទទួលបានប្រាក់ចំណូលច្រើនបំផុតមិនធ្លាប់មាន រហូតដល់ទៅ១០១ពាន់លានដុល្លារ ដោយ៥៦%នៃប្រាក់ទាំងនោះបានមកពីអតិថិជនបរទេស។
ក្រុមប្រតិបត្តិការរបស់ក្រុមហ៊ុន Boeing ប្រចាំប្រទេសអូស្រ្តាលី បានឌីហ្សាញយន្តហោះដ្រូនមានឈ្មោះថា Loyal Wingman ដែលត្រូវដំឡើងនៅទីនោះ។ តាមការរំពឹងទុកថា រោងចក្រនេះនឹងបង្កើតការងារពេញម៉ោង បានចំនួន៣.៥០០កន្លែង នៅត្រឹមឆ្នាំ២០២៨។ បច្ចុប្បន្នកងទ័ពអាកាសរបស់អូស្រ្តាលី គឺជាអតិថិជនតែមួយគត់ដែលបញ្ជាទិញយន្តហោះដ្រូននេះ ប៉ុន្តែក្រុមហ៊ុនBoeing ក៏មានគម្រោងនាំចេញដ្រូននេះទៅឱ្យអតិថិជនជាយោធាដទៃទៀតនៅជុំវិញពិភពលោកផងដែរ។
ដំណឹងនេះ កើតមានឡើងមិនយូរប៉ុន្មានក្រោយ ពីមានការប្រកាសដាច់ដោយឡែកមួយថា ប្រទេសអូស្រ្តាលី មានបំណងសាងសង់កងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដោយប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស។ គេមើលឃើញថា ចំណាត់ការនោះជាកិច្ចខិតខំប្រឹងប្រែងមួយ របស់សហរដ្ឋអាមេរិក ដើម្បីទប់មហិច្ឆតាយោធារបស់មហាយក្សចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់៕ CNN៕