តំបន់ផ្លូវជាតិលេខ៥១នឹងអាចកាត់ចូលដែនរដ្ឋបាលរាជធានីភ្នំពេញជាមួយផែនការពង្រីកទីក្រុងក្នុងកាំរង្វង់១០០គីឡូម៉ែត្រការ៉េ

0

ដោយៈសុផារី

កណ្តាល/កំពង់ស្ពឺៈ អ្នកជំនាញអចលនទ្រព្យបានសម្តែងសុទិដ្ឋិនិយមថា តំបន់ផ្លូវជាតិលេខ៥១ នឹងកាត់ចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ នាពេលអនាគត ដែល​នឹងជួយជំរុញការអភិវឌ្ឍនៅតំបន់នេះ។

លោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានរំពឹងថានាពេលអនាគតទីក្រុងភ្នំពេញ អាចពង្រីករហូតដល់ព្រំប្រទល់ខេត្តកណ្ដាល ដែលជាប់ផ្លូវ៥១ ដែលរឹតតែធ្វើឲ្យសក្តានុពលសេដ្ឋកិច្ចរបស់ផ្លូវ៥១ កាន់តែមានភាពខ្លាំងជាងមុន។ ជាពិសេសផ្លូវ៥១ ដែលជាព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកណ្ដាល។

លោកស្រីបានបន្តថា “នេះគឺជាផ្លូវដ៏សំខាន់ ដែលភ្ជាប់ផ្លូវជាតិលេខ៥ ទៅកាន់ផ្លូវជាតិលេខ៤ បន្តទៅផ្លូវលេខ៤១ ឡើងទៅផ្លូវជាតិលេខ៣ទៀតនោះ ធ្វើឲ្យផ្លូវនេះជាផ្លូវមេដ៏សំខាន់ដែលភ្ជាប់ពីខេត្តមួយទៅខេត្តមួយ តួយ៉ាងដូចជាខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តផ្សេងទៀតដូចជា ខេត្តកំពតជាដើម”។

បច្ចុប្បន្នដីនៅជាប់តាមបណ្តោយផ្លូវនេះ មានតម្លៃចន្លោះពី៥០ ទៅ១៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែអ្នកជំនាញមានសុទិដ្ឋិនិយមថា តម្លៃដីនៅតាមផ្លូវនេះនឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះលោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ឲ្យដឹងថា ក្នុងស្ថានភាពកូវីត១៩ ប្រជាជនក្នុងស្រុកជាទីផ្សារសំខា​ន់ ព្រោះជនជាតិចិនមានការលំបាក ក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ទោះយ៉ាងណាក្តី អ្វីដែលយើងរំពឹងនឹងតែងតែសង្កេតឃើញ តាំងពីមុនកូវីដ១៩ ជនជាតិចិនជាវិនិយោគិនសំខាន់ក្នុងទីផ្សារកម្ពុជាយើង។

យ៉ាងណាមិញ លោកឧកញ៉ារំពឹងថា ប្រសិនបើរាជរដ្ឋាភិបាលយើងអាចទាក់ទាញវិនិយោគិនពីខាងប្រទេសកូរ៉េ ឬប្រទេសផ្សេងទៀតគឺកាន់តែល្អប្រសើរ។

បើតាមផែនការប្រើ់ប្រាស់ដីធ្លីរបស់រដ្ឋាភិបាល ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រការ៉េ ដែលមានន័យថា បើយកចំណុចភ្នំដូនពេញជាគោលគឺ គេអាចដឹងថា កាំរង្វង់ពីចំណុចនេះចេញទៅទិសទាំង៤នៃរាជធានីភ្នំពេញ នឹងមានចម្ងាយប៉ុណ្ណាជាក់លាក់ហើយ។

ស្របពេលជាមួយគ្នានេះ តាមផែនការបស់រដ្ឋាភិបាល ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងផែនការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here