ដំណឹងល្អៈសមាគមអចលនទ្រព្យចិន ព្រមចេញមុខដោះស្រាយការលំបាករបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហើយ

0

ដោយៈសុខុម

ប៉េកាំង: វិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២របស់ចិន China Evergrande ដែលជំពាក់បំណុលគរដូចភ្នំរហូត ដល់ទៅ៣០៥ពាន់លានដុល្លារបានបង្កការជ្រួលច្របល់ ក្នុងទីផ្សារអចលនទ្រព្យពេញផ្ទៃប្រទេសចិន ថែមទាំងធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារពិភពលោកទៀតផង ក្រោយខកខានសងបំណុលជាច្រើនលើក។

ទោះជាយ៉ាងណា សារព័ត៌មានហិរញ្ញវត្ថុចិន Yicai បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ តុលា ថា ពេលនេះសមាគមក្រុមហ៊ុនអចលនទ្រព្យចិន (CREA) បានចេញមុខដោះស្រាយការលំបាក របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហើយ។

នៅថ្ងៃសុក្រសប្ដាហ៍នេះ សមាគមនេះនឹងរៀបចំកិច្ចប្រជុំមួយជាមួយសមាជិករបស់ខ្លួន ដើម្បីធ្វើការវាយតម្លៃអំពីការលំបាក ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពុងជួបប្រទះនៅទូទាំងប្រទេស និងហានិភ័យពាក់ព័ន្ធនានា។

ប្រភពបានទម្លាយប្រាប់សារព័ត៌មានខាងលើនេះថា កិច្ចប្រជុំនេះនឹងផ្ដល់ឱកាសឱ្យសមាគមអចលនទ្រព្យចិន (CREA) ធ្វើការសិក្សាស៊ីជម្រៅអំពីបញ្ហា ដែលសមាជិករបស់ខ្លួនកំពុងជួបប្រទះ ហើយការសិក្សានោះនឹងប្រយោន៍យ៉ាងខ្លាំង ចំពោះការអនុវត្តគោលនយោបាយនានា។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន រាប់ម៉ឺនក្រុមហ៊ុនបានសម្រុកខ្ចីប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីសាងសង់លំនៅដ្ឋានអំឡុង ពេលវិស័យអចលនទ្រព្យមានសន្ទុះរីកចម្រើនខ្លាំង ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ប៉ុន្តែពេលនេះកំពុងប្រឈមនឹងវិបត្តិសាច់ប្រាក់ ស្របពេលតម្រូវការធ្លាក់ចុះខ្លាំង ហើយការធ្វើនិយ័តកម្មកាន់តែតឹងរ៉ឹងលើវិស័យនេះ។

ការលក់ផ្ទះបានធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ ដោយសារការរឹតបន្តឹងលើអ្នកទិញលំនៅដ្ឋានទុកលក់បន្តយកចំណេញ ដែលមិនមែនទិញ សម្រាប់ទុកស្នាក់នៅពិតប្រាកដ ជាហេតុនាំឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ មានបញ្ហារំហូរសាច់ប្រាក់ ឬស្ទះលុយ។

ទន្ទឹមនេះ ក្រុមហ៊ុនអចលនទ្រព្យនានា ក៏រងផលប៉ះពាល់ផងដែរដោយសាររដ្ឋាភិបាលក្រុងប៉េកាំង ដាក់ចេញវិធានការកម្រិតឥណទាន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍នានា ដើម្បីទប់ការខ្ចីបុលដែលចេះតែកើនឡើងមិនអាចគ្រប់គ្រងបាន។

ការដួលរលំដែលអាចកើតមាន ចំពោះក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុ​លច្រើនណាមួយដូចក្រុមហ៊ុន China Evergrande ជាដើម បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យជាប្រព័ន្ធ ដែលមានមកលើសេដ្ឋកិច្ចទាំងមូល ព្រោះវិស័យអចលនទ្រព្យ មានចំណែកគ្របដណ្ដប់ធំស្មើនឹង១ ភាគ៤នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here