ឥណ្ឌូនេស៊ី បើកការដ្ឋានសាងសង់រោងចក្ររំលាយរ៉ែធំបំផុតក្នុងពិភពលោកឮតម្លៃ៣.០០០លានដុល្លារ

0

ដោយៈសុខុម

ហ្សាការតា: កាលពីថ្ងៃអង្គារ ទី១២ តុលា Freeport McMoRan ដែលជាក្រុមហ៊ុនរ៉ែយក្សរបស់សហរដ្ឋអាមេរិក បានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្ររំលាយរ៉ែទង់ដែងធំបំផុតលើពិភពលោក នៅជិតទីតាំងចម្រាញ់រ៉ែដែលមានស្រាប់របស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា រោងចក្រដែលមានតម្លៃ៣.០០០លានដុល្លារអាមេរិក នៅតំបន់ហ្គ្រេស៊ីក (Gresik) ស្ថិតក្នុងខេត្តជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី នេះនឹងមានសមត្ថភាពចម្រាញ់រ៉ែទង់ដែងចំនួន១,៧លានតោនក្នុងមួយឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី វីដូដូ បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ថា រោងចក្រនេះ គឺជារោងចក្ររម្លាយរ៉ែធំបំផុតក្នុងពិភពលោក។

លោកបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាវត្តមានរបស់ក្រុមហ៊ុន Freeport Indonesia ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ហ្គ្រេស៊ីក នេះនឹងជួយទាក់ទាញឧស្សាហកម្មផ្សេងៗទៀតឱ្យចូលមកកាន់តែច្រើន”។

ការបើកការដ្ឋានសាងសង់នេះធ្វើឡើង បន្ទាប់ពីមានការពិភាក្សាគ្នាជាច្រើនខែថាតើគួរសាងសង់រោងចក្ររម្លាយរ៉ែទង់ដែងមួយ ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនចិន Tsingshan Holding Group នៅសួនឧស្សាហកម្ម Weda Bay Industrial Park ឬក៏សាងសង់នៅជិតទីតាំងចម្រាញ់រ៉ែ ដែលមានស្រាប់របស់ខ្លួននៅតំបន់ហ្គ្រេស៊ីក។

ទោះជាយ៉ាងណា ក្រុមហ៊ុន Freeport Indonesia បានបញ្ជាក់កាលពីខែកក្កដា ថា ក្រុមហ៊ុនទាំង២ មិនបានឈានដល់កិច្ចព្រមព្រៀងនោះឡើយ។ ក្រុមហ៊ុននេះក៏និយាយដែរថា ខ្លួនបានចុះកិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ជាមួយក្រុមហ៊ុនជប៉ុន Chiyoda។

លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចបានថ្លែងក្នុងពិធីនេះថា រោងចក្រថ្មីនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលរ៉ែទង់ដែងត្រូវបានផលិតសម្រេចទាំងស្រុងនៅតំបន់ហ្គ្រេស៊ីក ព្រោះធ្លាប់តែនាំចេញរ៉ែឆៅជាច្រើនទសវត្សរ៍មកហើយ ហើយវានឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចធំធេងណាស់៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here