រដ្ឋាភិបាលចិនថានឹងពុះពារឧបសគ្គនៃវិបតិ្តកូវីដ-១៩ ពន្លឿនគម្រោងអភិវឌ្ឍក្នុងខេត្តព្រះសីហនុ

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោក WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានចែករំលែកទស្សនៈអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យ ដោយពន្លឿនគម្រោងអភិវឌ្ឍក្នុងខេត្តព្រះសីហនុ។ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច រួមមាន គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ (BRI) គម្រោងផ្លូវលឿនលឿន គម្រោងសាងសង់ព្រលានយន្តហោះថ្មី ការអភិវឌ្ឍន៍ទីក្រុងសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងការនាំចូល កសិផលស្វាយ និងចេករបស់កម្ពុជា និងកសិផលរបស់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសចិន ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ច ពីវិបតិ្តកូវីដ-១៩។

ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយនឹងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ ការប្រយុទ្ធប្រឆាំងនឹងវិបតិ្តកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជានៅលើឆាកអន្តរជាតិ។

ជាការឆ្លើយតប សម្តេច សាយ ឈុំ ថានឹងមានសមិទ្ធផលថ្មីៗ ដែលកើតចេញពីគំនិតផ្តួចផ្តើម ពីក្របខ័ណ្ឌសហប្រតិបត្តិការក្រោមគម្រោង គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ” (BRI), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១, មហាអនុតំបន់ទន្លេមេគង្គ, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងអាស៊ានបូកចិន និងរួមចំណែក ដល់ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់។
សម្តេចមានប្រសាសន៍បន្តថា កិច្ចពិភាក្សានាពេលនេះ នឹងផ្តល់សារសំខាន់ដល់ការចូលរួមលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here