រដ្ឋអូស្ត្រាលី ផ្តល់ប្រាក់ជាង២.០០០លានដុល្លារអាមេរិក ដើម្បីទាក់ទាញគម្រោងថាមពលអ៊ីដ្រូសែន

0

ដោយៈ សុខុម

មែលប៊ន:  រដ្ឋញូវ សៅ វ៉េលស៍ (New South Wales) នៃប្រទេសអូស្រ្តាលី បានប្រកាសនៅថ្ងៃពុធ ទី១៣ តុលា នេះថា ខ្លួននឹងផ្តល់គ្រឿងលើកទឹកចិត្តគិតជាទឹកប្រាក់សរុប២,២ពាន់លានដុល្លារអាមេរិក ដើម្បីទាក់ទាញគម្រោងថាមពលអ៊ីដ្រូសែនឱ្យមកកាន់រដ្ឋនាំចេញធ្យូងថ្មធំបំផុតមួយនេះ ខណៈខ្លួនព្យាយាមកាត់បន្ថយការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាស។

លោក Matt Kean ប្រធានមន្ទីរថាមពល និងបរិស្ថានរដ្ឋនេះថ្លែងថា ផែនការនេះមិនត្រឹមតែជួយរដ្ឋនេះកាត់បន្ថយការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាសនៅត្រឹមឆ្នាំ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់ឧស្សាហកម្មធុនធ្ងន់ និងជំរុញសេដ្ឋកិច្ចក្នុងរដ្ឋនេះឱ្យឈានដល់ទំហំ៤៤០លានដុល្លារអាមេរិក ក្នុងរយៈពេលនោះទៀតផង។

លោក Dominic Perrottet អភិបាលរដ្ឋនេះបានចេញសេចក្តីថ្លែងការណ៍ថា “បណ្ដាដៃគូពាណិជ្ជកម្មធំៗរបស់យើងចាត់ទុកអ៊ីដ្រូសែនជាផ្នែកមួយនៃថាមពលរបស់ពួកគេសម្រាប់ថ្ងៃអនាគត។ រដ្ឋនេះមានទាំងជំនាញ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលកកើតឡើងវិញដើម្បីប្រកួតប្រជែងជាមួយពិភពលោកនៅក្នុងឧស្សាហកម្មថ្មីនេះ”។

គម្រោងគ្រឿងលើកទឹកចិត្តដ៏ធំបំផុតរបស់រដ្ឋនេះ នឹងផ្តល់គឺការលើកលែងពន្ធ៩០%សម្រាប់គម្រោងថាមពលអ៊ីដ្រូសែននៅត្រឹមឆ្នាំ២០៣០ ដើម្បីចូលរួមចំណែកជាមួយពិភពលោកនៅក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

ការអភិវឌ្ឍ៍ថាមពលអ៊ីដ្រូសែន គឺជាយុទ្ធសាស្ត្រមួយសម្រាប់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដែលក្រុមអ្នកនយោបាយអូស្រ្តាលី មកពីគ្រប់ភាគីគាំទ្រពេញទំហឹង បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងតានតឹងអស់រយៈពេលជាង១ទសវត្សរ៍ជុំវិញគោលនយោបាយថាមពល និងការបំភាយឧស្ម័ន៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here