ផ្លូវបេតុងមួយខ្សែទៅរមណីយដ្ឋានធម្មជាតិកំពង់ត្រាចបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ

0

ដោយ កុសមា

ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែទៅកាន់រមណីយដ្ឋានវប្បធម៍ធម្មជាតិភ្នំកំពង់ត្រាច បានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត កាលពីថ្ងៃ ១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។

លោក ជាវ តាយបានមានប្រសាសន៍ ផ្លូវមួយខ្សែនេះពិតជាបានផ្តល់ផលប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មានដូចជា ទេសចរណ៍ បដិសណ្ឋារកិច្ច ការដឹកជញ្ជូនកសិផលទៅទីផ្សារ ការធ្វើដំនើរទៅមន្ទីរពេទ្យបង្អែកស្រុក ក៏ដូចជាផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ទៅសាលារៀន ជាពិសេស សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ធ្វើដំនើរកំសាន្តទៅកាន់រមណីយដ្ឋានវប្បធម៍ធម្មជាតិភ្នំកំពង់ត្រាច ជាដើម។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានមានប្រសាសន៍អោយដឹងថា ផ្លូវមួយខ្សែនេះ សាងសង់ពីបេតុងសរសៃដែក មានប្រវែងសរុប ១,៨០៨ ម៉ែត្រ ទទឹង៨ ម៉ែត និងកម្រាស់២តឹក មានប្រព័ន្ធលូអមសងខាងផ្លូវ ដែលតភ្ជាប់ពីផ្លូវបំបែកលេខ៣៣ នៃទីរួមស្រុកកំពង់ត្រាច រហូតដល់ រមណីយដា្ឋនវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាច។

លោក ជាវ តាយ បានមានប្រសាសន៍បន្ថែមថា “សមិទ្ធិផលទាំងឡាយដែលកើតឡើងទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តកំពត គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព និងផលបរិបូរណ៌ តាមរយៈនយោបាយឈ្នះៗ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគុណតំលៃនៃសុខសន្តិភាពនេះ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងកាត់បន្ថយភាពក្រីក្រដែលធ្វើអោយ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាបន្តបន្ទាប់”។

លោកបានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ និងអជ្ញាធរមូលដ្ឋានក៏ដូចជាកងកំលាំងប្រដាប់អវុធ និងមន្ត្រីរាជការទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា ការពារ សុខសន្តិភាពនិងសមិទ្ធផលនានា ដែលមានសព្វថ្ងៃនេះ អោយបានគង់វង្សយូរអង្វែង ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍជាតិ និងសេដ្ឋកិច្ច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here