សហរដ្ឋអាមេរិកគ្រោងជួយគម្រោងដឹកជញ្ជូនត្រជាក់នៅកម្ពុជាដើម្បីលើក កម្ពស់ផលិតកម្មកសិកម្ម

0

         ដោយៈគង់ សូរិយា

         ភ្នំពេញៈទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(USAID)​បាននិងកំពុងត្រៀមជួយកម្ពុជា លើគំរោងដឹកជញ្ជូនប្រព័ន្ឋត្រជាក់ ដើម្បីលើកកំពស់ផលិតកម្មកសិកម្ម។

ក្នុងជំនួបរវាង លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៣ តុលានេះ លោកវេង សាខុនបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា ក្រោយទទួលស្តាប់នូវគម្រោង Harvest 2 ទាក់ទងអនុវិស័យសាកវប្បកម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បីជួយដល់វិស័យដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់កម្ពុជាឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃរបស់លោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោងនេះ។

លោកបន្តថា “គំរោងនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗ ផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ”។ លោកបន្ថែមថា“នេះគឺជាគម្រោងដែលក្រសួងចង់បាន ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខភាពអ្នកបរិភោគ និងកំណើនតម្លៃបន្ថែម”។

ជាការឆ្លើយតប ភាគីអាមេរិកបានថ្លែងអំណរគុណ ចំពោះពេលវេលារបស់លោករដ្ឋមន្ត្រី និងជាពិសេសកិច្ចសហការបានល្អប្រសើររវាងក្រសួង និងUSAID ក្នុងការអនុវត្តគម្រោងទាក់ទងនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម។

លោកW. Patric Murphy បានណែនាំនាយកUSAIDថ្មីប្រចាំកម្ពុជា នឹងបំពេញការងារសម្រាប់វិស័យកសិកម្ម ហើយសង្ឃឹមថានឹងរួមសហការបានល្អ ជាមួយក្រសួងដើម្បីចូលរួមអភិវឌ្ឍវិស័យកម្ពុជា ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាពនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here