ទីក្រុងរណបធំៗបីតម្លៃជាង១០ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុន OCIC នៅតែបន្តឆ្ពោះទៅមុខ

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក OCIC បាននិងកំពុងវិនិយោគទីក្រុងរណបធំៗចំនួនបី ដែលស្ថិតនៅចំណុចសំខាន់បំផុតនៃរាជធានីភ្នំពេញ ដែលជាទីក្រុងមានភាព​រីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងចំណោមទីក្រុងរណបទាំងបី ទីក្រុងទី១ បានលេចចេញជារូបរាង និងមានសកម្មភាពពាណិជ្ជកម្ម ខណៈគំរោងទី២ បាននិងកំពុងចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ ចំណែកទីក្រុងរណបទី៣ កំពុងកសាហហេដ្ឋារចនាសម្ព័ន្ឋរបស់ខ្លួន។

ទីក្រុងកោះពេជ្រ
​​​ទីក្រុងកោះពេជ្របាន និងកំពុងបន្តរីកចម្រើន ដោយបច្ចុប្បន្ន ទីក្រុងនេះបានលេចឡើងជាទីក្រុងស៊ីវិល័យមួយ ដោយមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋានសហកម្មសិទ្ឋ ឬខុនដូ អាផាតម៉ិន សាលសន្និសីទ សាលារៀនអន្តរជាតិ ភោជនីយដ្ឋានជាតិ និងអន្តរជាតិជាដើម។

ប៉ុន្តែផ្ទៃក្រឡារបស់កោះ ដែលមានទំហំជាង១០០ហិកតានេះ បាននិងកំពុងប្រើប្រាស់អស់៥០ភាគរយប៉ុណ្ណោះ ខណៈការអភិវឌ្ឍនៅតែបន្ត ហើយទីក្រុងនេះនឹងមានផ្លូវថ្មើជើង និងផ្សាររាត្រព័ទ្ឋជុំវិញនាពេលអនាគត។

បើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC បានឲ្យដឹងថា នាពេលអនាគតសាលពិព៌ណ និងសន្និបាតកោះពេជ្រ នឹងរើ​ចេញទៅកាន់ទីក្រុងរណបជ្រោយចង្វារ ប៉ុន្តែបច្ចុប្បន្នស្ថិតនៅក្នុងការសិក្សានៅឡើយទេ។

ទីក្រុងរណបជ្រោយចង្វារ
“ទីក្រុងនៃអនាគត” ជាពាក្យស្លោករបស់ទីក្រុង ដែលមានទំហំជាង១០០ហិកតានេះ ទីក្រុងនេះផែនការដំបូងឡើយ គ្រោងវិនិយោគទឹកប្រាក់តែ២៦០០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រោយមកត្រូវបានរៀបចំផែនការពង្រីក រហូតដល់ទំហំ៦០០០លានដុល្លា​រអាមេរិក។

បច្ចុប្បន្នទីក្រុងរណប ដែលមានភូមិសាស្រ្តដ៏ទាក់ទាញ ដោយមានទន្លេនៅព័ទ្ឋជុំវិញនេះ កំពុងមានសកម្មភាពរសរវើកបណ្តើរៗហើយទាំងពេលថ្ងៃ និងពេលរាត្រី ជាមួយសួនកំសាន្តដាយនូស័រ ហាងអាហារ ភោជនីយដ្ឋាន ផ្សារពាក់កណ្តាលទំនើប ហាងលក់សម្លៀកបំពាក់ កន្លែងលក់រថយន្តជាដើម។

បើតាមលោកទូច សំណាងបានឲ្យដឹងថា ក្រុមហ៊ុនបានរៀបចំទីក្រុងនេះ ជាទីក្រុងឆ្លាតវៃមួយ ដែលបំពេញនូវលក្ខខ័ណ្ឌពិសេសៗជាច្រើន ដូចជា បែងចែករវាងប្រព័ន្ឋទឹកលូ និងទឹកភ្លៀងដាច់ពីគ្នា បំពាក់អំពូល LED បង្កើតតំបន់បៃតងជាដើម។

បច្ចុប្បន្នទីក្រុងនេះ កំពុងសាងសង់ស្ពានយោង ដោយខ្សែកាបដ៏ស្រស់ស្អាតមកកាន់ផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្នការសាងសង់សម្រេចបាន ប្រមាណ៥០ភាគរយហើយ។

ទីក្រុងរណបកោះនរា
ទីក្រុងនេះចាប់ផ្តើមប្រតិស្ថានបណ្តើរហើយ ខណៈការចាក់ដីបំពេញនឹងបញ្ចប់នៅចុងឆ្នាំនេះ ដោយចំណាយទុនរហូតដល់២៥០០លានដុល្លារអាមេរិក បើបូកទាំងហេដ្ឋារចនាសម្ព័ន្ឋដូចជា ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងបណ្តាញផ្លូវគមនាគមន៍។

តាមផែនការទីក្រុង ដែលមានទំហំ១២៥ហិកតានេះ នឹងសាងសង់អាគារកប់ពពក​មួយនាពេលឆាប់ៗខាងមុខនេះ ខណៈរូបរាងរបស់អាគារនេះបានបង្ហាញរួចហើយ ដោយគេហទំព័រ Propertyarea.asia ជាគេហទំព័រព៌តមានឈានមុខគេនៅកម្ពុជា។

លោកទូច សំណាង បានមានប្រសាសន៍ឲ្យដឹងថា តាមផែនការទីក្រុងនេះ នឹងរៀបចំទស្សនទាន នៃការអភិវឌ្ឍស្រដៀងគ្នា នឹងទីក្រុងកោះពេជ្របច្ចុប្បន្ន ខណៈហេដ្ឋារចនាសម្ព័ន្ឋ ពិសេសស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា និងស្ពានចេញពីទីក្រុងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១ សម្រេចបានប្រមាណ២០ភាគរយហើយ។

លោកបន្តថា ទោះជាយ៉ាងណាក៏ដោយការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក៏ដូចជាទូទាំងសកលលោក បាននិងកំពុងធ្វើឲ្យល្បឿន និងផែនការកសាងទីក្រុងរណបនេះ មានដំណើ​រកាយយឺតយ៉ាវជាងមុន។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាលើកដំបូង ដែលបោះទុនវិនិយោគប្រមាណ៣០លាន​ដុល្លារអាមេរិក នៅលើទីក្រុងកោះនរាផងដែរ។

លោកទូច សំណាងបានបន្តឲ្យដឹងថា “ទោះជាសកម្មភាពសាងសង់យឺតយ៉ាវ ប៉ុន្តែយើងនៅតែឆ្ពោះទៅមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here