ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ យោងតាមការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន CBRE Cambodiaបានរកឃើញថា ទីផ្សារខុនដូបានធ្លាក់ចុះនូវតម្លៃជួល និងតម្លៃលក់ជាមូលដ្ឋានរបស់ខ្លួន។
របាយការណ៍ដែលទើបបានចេញផ្សាយ កាលពីល្ងាចថ្ងៃទី១៣ តុលានេះបានឲ្យដឹងថា ទីផ្សារខុនដូនៅកម្ពុជាក្នុងអំឡុងត្រីមាសទី៣ ឆ្នាំនេះ បានបន្តរងសម្ពាធពីវិបត្តិកូវីដ១៩ ដោយតម្លៃលក់ និងតម្លៃជួបធ្លាក់ចុះគួរឱ្យកាត់សម្គាល់បើធៀបនឹងត្រីមាសមុន។
យោងតាមរបាយការណ៍របស់ CBRE Cambodia បានឲ្យដឹងទៀតថា តម្លៃលក់បានធ្លាក់ចុះ១,៨ភាគរយ ៣ភាករយ ២,១ភាគរយរៀងៗគ្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះចន្លោះពី៧,៨ភាគរយ និង៥,៦ភាគរយរៀងៗគ្នា ដែលសម្រាប់ប្រភេទខុនដូទាំង៣ខាងលើ។
ការផ្គត់ផ្គង់លើសតម្រូវការ ការសាងសង់ចប់ក្រោយផែនការ និងកង្វះអ្នកទិញបរទេស នៅតែជា៣កត្តាធំៗ ទាញទីផ្សារខុនដូនៅកម្ពុជាឱ្យមាននិន្នាការធ្លាក់ចុះ។
ក្នុងកំឡុងត្រីមាសទី៣ មានការបញ្ចប់គម្រោងថ្មីចំនួន២ និងបើកលក់គម្រោងថ្មីចំនួន២ ដែលធ្វើឱ្យការផ្គត់ផ្គត់សរុបមានដល់ជាង ៣០,០០០យូនីត កើន៥,៦ភាគរយ បើធៀបនឹងត្រីមាសមុន។ នៅចុងឆ្នាំ ២០២១ ការផ្គត់ផ្គង់គឺអាចឈានដល់៣៥,០០០ យូនីត ប៉ុន្តែគម្រោងខ្លះនឹងត្រូវពន្យារពេល។
គម្រោងធំៗចំនួន២ ដែលត្រូវបានបញ្ចប់ការសាងសង់គឺ The Peak និង The Gateway ដោយបន្ថែមចំនួន១.៥៨៦ យូនីតទៅការផ្គត់ផ្គង់ខុនដូលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ គម្រោងដែលបើកលក់ថ្មីគឺ គម្រោង Odom Tower និងគម្រោង Residence H Sen Sok ដោយគម្រោងទាំងពីរនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤។
អ្នកជំនាញផ្នែកទីផ្សារខុនដូលោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានលើកទឹកចិត្តដល់អ្នកវិនិយោគ គួរវិនិយោគអំឡុងពេលនេះ ដោយលោកបានមានប្រសាសន៍ថា ការវិនិយោគខុនដូនាពេលនេះ ទទួលបានផលចំណេញច្រើន ព្រោះអ្នកអភិវឌ្ឍន៍បានធ្វើការបញ្ចុះតម្លៃ ហើយអតិថិជនមានអាទិភាពច្រើនក្នុងការចចារ។
លោកបន្តថា “វាជាឱកាសមាស ដែលពេលវេលាបែបនេះ១០ឆ្នាំមានតែម្តងប៉ុណ្ណោះ”៕