វិបត្តិអចលនទ្រព្យក្នុងប្រទេសចិននៅតែខ្មៅងងឹតខណៈក្រុមហ៊ុនអភិវឌ្ឍន៍ចិនធំៗបីទៀតបង្ហាញពីបញ្ហាបំណុល

0

ដោយៈសុខុម

ប្រទេសចិន: វិបត្តិអចលនទ្រព្យក្នុងប្រទេសចិន ពេលនេះមិនទាន់បង្ហាញសញ្ញាធូរស្រាលនៅឡើយទេ ចាប់តាំងពីផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលបានធ្វើឱ្យទីផ្សារពិភពលោក រងភាពរង្គោះរង្គើកាលពីខែកញ្ញា មកនោះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១២ តុលា។

សារព័ត៌មានហិរញ្ញវត្ថុចិន Yicai បានចុះផ្សាយក្នុងថ្ងៃដដែលថា សមាគមក្រុមហ៊ុនអចលនទ្រព្យចិន (CREA) បានចេញមុខដោះស្រាយការលំបាក របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហើយ ដោយសមាគមគ្រោងរៀបចំកិច្ចប្រជុំមួ យជាមួយសមាជិករបស់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីធ្វើការវាយតម្លៃអំពីការលំបាក ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ កំពុងជួបប្រទះនៅទូទាំងប្រទេស និងហានិភ័យពាក់ព័ន្ធនានា។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើវិបត្តិដ៏ធ្ងន់ធ្ងរនេះ នឹងត្រូវដោះស្រាយតាមវិធីណាឡើយ ហើយក៏គេមិនទាន់ឃើញការអន្តរាគមន៍ណាមួយ ពីសំណាក់រដ្ឋាភិបាលចិននៅឡើយដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ធំៗដែលកំពុងជួបវិបត្តិសងបំណុលរហូតមកទល់ពេលនេះរួមមានដូចខាងក្រោម៖

*ក្រុមហ៊ុន Evergrande
ជាមួយនឹងបំណុលគរដូចភ្នំ ដែលមានទឹកប្រាក់រហូតដល់ទៅ៣០៥ពាន់លានដុល្លារអាមេរិក រួមទាំងថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលអន្តរជាតិចំនួន២០ពាន់លានដុល្លារ ផងដែរនោះ ក្រុមហ៊ុន Evergrande ដែលមានមូលដ្ឋាននៅក្រុងស៊ឹនជិន (Shenzhen) ខេត្តគ័ងតុង (Guangdong) បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន។ ដោយសារមានបញ្ហារំហូរសាច់ប្រាក់ ក្រុមហ៊ុននេះបានខកខានក្នុងការសងបំណុល និងបង់ការប្រាក់៣ទៅ៤លើកជាប់ៗគ្នារួចមកហើយ។

*ក្រុមហ៊ុន Fantasia
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានប្រណីត Fantasia Holdings ដែលមានមូលដ្ឋាននៅក្រុងស៊ឹនជិន (Shenzhen) ខេត្តគ័ងតុង (Guangdong) បានខកខានសងបំណុល៣១៥លានដុល្លារអាមេរិកកាលពីសប្ដាហ៍មុន។ ពេលនេះ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលមានតម្លៃ៤២០លានដុល្លារអាមេរិក នៅលើទីផ្សារបានដាំក្បាចុះ រហូតដល់ទៅជិត៦០%នៅឆ្នាំ២០២១ នេះ។

*ក្រុមហ៊ុន Modern Land
ក្រុមហ៊ុន Modern Land ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង ពេលនេះក៏កំពុងជួបបញ្ហា ក្នុងការសងបំណុលឱ្យទាន់ពេលកំណត់ផងដែរ។ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ក្រុមហ៊ុននេះ បានស្នើសុំពេលបន្ថែមពីបណ្ដាវិនិយោគ ឬម្ចាស់បំណុលដើម្បីសងបំណុលសញ្ញាប័ណ្ណ២៥០លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ត្រូវសងនៅថ្ងៃទី២៥ តុលា។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានដាំក្បាលចុះជិត៥០%នៅឆ្នាំនេះ ដោយធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុននេះ នៅក្នុងទីផ្សារធ្លាក់ចុះមកនៅត្រឹម១៦០លានដុល្លារប៉ុណ្ណោះ។

*ក្រុមហ៊ុន Sinic Holdings
ក្រុមហ៊ុន Sinic Holdings ក៏បានប្រកាសកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះដែរថា ខ្លួនប្រហែលជាខកខាន ក្នុងការសងបំណុលសញ្ញាប័ណ្ណ២៥០លានដុល្លារអាមេរិក របស់ខ្លួន។ ការសងបំណុលទាំងប្រាក់ដើម និងការប្រាក់ទាំងនោះនឹងដល់ពេលកំណត់ត្រូវបង់នៅថ្ងៃទី១៨ តុលា។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានដាំក្បាលចុះធ្ងន់ធ្ងរជាងគេ ក្នុងចំណោមក្រុមហ៊ុនទាំង៤ខាងលើ ដោយធ្លាក់ចុះស្ទើរតែ៩០%។ ពេលនេះតម្លៃរបស់ក្រុមហ៊ុននេះនៅលើទីផ្សារនៅសល់ត្រឹម២៣០លានដុល្លារប៉ុណ្ណោះ៕ CNN ៕

LEAVE A REPLY

Please enter your comment!
Please enter your name here