ដូនពេញ៖ ខណ្ឌដែលសំបូរអគារការិយាល័យច្រើនជាគេនៅរាជធានីភ្នំពេញ

0

ដូនពេញគឺជាខណ្ឌដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ជាងគេមួយនៅកណ្តាលទីក្រុងភ្នំពេញ ដែលមានផ្ទៃដី៧.៤៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបជាង ១៥៥.០០០ នាក់។ ខណ្ឌនេះត្រូវបានបែងចែកជា ១១ សង្កាត់ដែលរួមមាន៖ សង្កាត់ស្រះចក​ វត្តភ្នំ ផ្សារចាស់ ផ្សារកណ្តាលទី១ ផ្សារកណ្តាលទី២ ជ័យជំនះ ចតុមុខ បឹងរាំង ផ្សារថ្មីទី១ ផ្សារថ្មីទី២ និងផ្សារថ្មីទី៣។

 

ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនបានដឹង និងស្គាល់អំពីខណ្ឌមួយនេះ​ គឺថាវាមានចំនួនអគារការិយាល័យច្រើនជាងគេ ដោយបច្ចុប្បន្នដូនពេញមានការផ្គត់ផ្គង់ទីផ្សារការិយាល័យរហូតដល់​២៥% នៃចំនួនផ្គត់ផ្គង់សរុបក្នុងក្រុងភ្នំពេញ។ យោងតាមរបាយការណ៍ប្រចាំឆមាសទីពីរ ឆ្នាំ២០២០ របស់ Knight Frank ខណ្ឌដូនពេញមានអត្រានៃការផ្គត់ផ្គង់ការិយាល័យសរុបខ្ពស់ជាងគេដល់ទៅ២៥% បន្ទាប់មកគឺខណ្ឌចំការមន២០% ខណ្ឌ​៧មករា ១៨% និងខណ្ឌបឹងកេងកង១៦% ។

របាយការណ៍​ដដែលបង្ហាញថា នៅក្នុងឆមាសទី២ ឆ្នាំ២០២០ ការផ្គត់ផ្គង់ការិយាល័យសរុបនៅក្នុងក្រុងភ្នំពេញមានចំនួនជាង៦០៩.០០០ ម៉ែត្រការ៉េ កើនឡើង៣.៦% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ ក្នុងនោះការិយាល័យកម្រិតB មានការផ្គត់ផ្គង់ច្រើនជាងគេដល់ទៅ៥០ភាគរយ​ បន្ទាប់មកគឺកម្រិតC ៤១ភាគរយ និងកម្រិត A ៩ ភាគរយ ។ ទោះជាយ៉ាងណាក៏ដោយ នៅចុងឆ្នាំ២០២១ តួលេខនេះនឹងមានការប្រែប្រួល ដោយទីផ្សារការិយាល័យកម្រិតA អាចមានការផ្គត់ផ្គង់រហូតដល់ទៅ៦៧% ប្រសិនបើការអភិវឌ្ឍន៍គម្រោងការិយាល័យមួយចំនួនត្រូវបានបញ្ចប់តាមផែនការគ្រោងទុក។

ក្រៅពីជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេខាងការផ្គត់ផ្គង់ការិយាល័យ​ ខណ្ឌដូនពេញក៏មានអាជីវកម្ម និងកន្លែងសំខាន់ៗជាច្រើនផ្សេងទៀតដូចជា ផ្សារធំថ្មី ផ្សារទំនើបសូរិយា ព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តភ្នំ និងវិមានឯករាជ្យជាដើម ដែលភាគច្រើនជាទិសដៅទេសចរណ៍ដ៏ពេញនិយម។

 

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន​ Key Real Estate តម្លៃដីនៅខណ្ឌដូនពេញ គឺថ្លៃជាងគេបំផុតនៅក្នុងទីក្រុងភ្នំពេញ ដោយដីលំនៅឋានដាក់លក់ក្នុងតម្លៃជាមធ្យម៣.៥០០ ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈដែលដីពាណិជ្ជកម្មជាមធ្យម ៦.១០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ។

នៅក្នុងខណ្ឌដូនពេញ សង្កាត់ផ្សារថ្មីទី​១ ទី២ និងទី៣ មានតម្លៃដីពាណិជ្ជកម្មថ្លៃជាងគេបំផុត ជាមធ្យមតម្លៃ ៩,០០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ចំណែកឯដីលំនៅឋាន​ក្នុងសង្កាត់ផ្សារចាស់​ មានតម្លៃខ្ពស់បំផុត ៤.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

 

នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សព្វផ្សាយក្នុងស្រុក លោក ស៊ន សៀប ដែលជាស្ថាបនិក​ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានលើកឡើងថា​ មូលហេតុចម្បងដែលបណ្ដាលឱ្យដីមានតម្លៃខ្ពស់ក្នុងខណ្ឌនេះ​ គឺដោយសារទីផ្សារអចលនទ្រព្យក្នុងតំបន់នេះមានភាពចំណាស់ជាងគេ និងមានតម្លៃដីធ្លីខ្ពស់បំផុតនៅតាមសង្កាត់នីមួយៗ។

 

លោកបានបន្តថា៖ «ដូនពេញជាតំបន់អភិវឌ្ឍន៍ដែលចំណាស់ជាងគេបំផុត​ រួមមានផ្សារធំៗចំនួនបី​ គឺផ្សារចាស់ ផ្សារកណ្តាល និងផ្សារថ្មី។ លើសពីនេះទៅទៀត តំបន់ទាំងនេះគឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ​មានដូចជាព្រះបរមរាជវាំង​ និងតំបន់មាត់ទន្លេជាដើម។»

 

LEAVE A REPLY

Please enter your comment!
Please enter your name here