ដោយ៖ សុផារី
ភ្នំពេញ៖ នៅក្នុងត្រីមាសទី ៣ សកម្មភាពអភិវឌ្ឍន៍ទីផ្សារលក់រាយមិនមានការថយចុះឡើយ ទោះបីជាមានវិបត្តិកូវីដ១៩ ក៏ដោយ។ គេសង្កេតឃើញមានប្រេនលំដាប់ពិភពលោកធំៗថ្មីចំនួន៤ បានចូលមកកាន់កម្ពូជា មានដូចជា Pizza 4Ps, Pizza Hut, 7 Eleven and Mini BigC បានចូលមកកាន់ប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍អចលនទ្រព្យប្រចាំត្រីមាសទី៣ ឆ្នាំ២០២១នេះ របស់ CBRE ចេញផ្សាយលាកពីថ្ងៃទី ១២ ខែតុលានេះ។
បើគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ CBRE ថាគម្រោងធំៗចំនួន៣ បានបញ្ចប់រួចរាល់ហើយ មានដូចជាគម្រោង The Commune SCG Design Village និង MC Park។ គម្រោងទាំង៣នេះជាប្រភេទ Community Malls ដែលបន្តែមការផ្គត់ផ្គង់បន្ថែមសរុបប្រហែល ១៧,០០០ ម៉ែត្រការ៉េ។
របាយការណ៍នេះបានបង្ហាញថា ការជួលក្នុងទីផ្សារលក់រាយក្នុងកំឡុងត្រីមាសទី ៣ បានធ្លាក់ចុះ ៩,០០% សម្រាប់ត្រីមាសជាប់ៗគ្នាមក ដែលមានតម្លៃជាមធ្យម ២០,២២ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
តាមរបាយការណ៍ដដែលនេះ CBRE រំពឹងថា ការផ្គត់ផ្គង់ចូលក្នុងទីផ្សារលក់រាយនឹងកើនឡើងបន្ថែម ៤៧,៩៥៨ ម៉ែត្រការ៉េ នៅត្រឹមចុងឆ្នាំ២០២១នេះ៕