សុខុម
ភ្នំពេញ: ដោយសារប្រទេសចិន ជាទីផ្សារធំដែលមានសក្ដានុពលខ្លាំង ក្រុមហ៊ុនអន្តរជាតិជាច្រើនបានសម្រុកហក់ចូលវិនិយោគក្នុងប្រទេសដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ដោយបានសាងសង់រោងចក្រជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ទោះជាយ៉ាងណា ពេលនេះគ្រឿងលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញកំពុងជំរុញឱ្យក្រុមហ៊ុនជាច្រើនក្នុងចំណោមនោះរើរោងចក្ររបស់ខ្លួនចេញពីប្រទេសចិន មកកាន់កម្ពុជា និងបណ្ដាប្រទេសជាសមាជិកអាស៊ាន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ តុលា នេះ។
-->
ក្រុមហ៊ុនដែលចាកចេញនោះជាក្រុមហ៊ុនមកពីប្រទេសច្រើន។ តួយ៉ាង ក្រុមហ៊ុនផលិតរបស់ក្មេងលេងរបស់សហរដ្ឋអាមេរិក Hasbro បានបិទរោងចក្ររបស់ខ្លួនក្នុងប្រទេសចិន ហើយរើមកសាងសង់នៅក្នុងប្រទេសវៀតណាម ជំនួសវិញ។ ចំណែកឯក្រុមហ៊ុនអេឡិចត្រូវនិកយក្សរបស់ជប៉ុន Sony ក៏បានរើរោងចក្ររបស់ខ្លួនមកកាន់ប្រទេសថៃ ហើយក្រុមហ៊ុនកូរ៉េខាងត្បូង Cotton Club ក៏កំពុងរើមកកាន់ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងកម្ពុជា យើងផងដែរ។
មិនតែប៉ុណ្ណោះ សូម្បីក្រុមហ៊ុនចិន ក៏កំពុងចាកចេញពីប្រទេសចិន មកកាន់ប្រទេសដែលថ្លៃផលិតកម្មថោកជាងផងដែរ។ អត្រាប្រាក់ឈ្នួលក្នុងប្រទេសចិន គឺខ្ពស់ជាងទ្វេដងបើធៀបទៅនឹងអត្រាប្រាក់ឈ្នួលក្នុងប្រទេសវៀតណាម ហើយខ្ពស់ជាងជិត៧០%បើធៀបនឹងអត្រាប្រាក់ឈ្នួលក្នុងប្រទេសកូរ៉េខាងត្បូង។ កង្វះកម្លាំងពលកម្មក៏ជាកត្តារួមចំណែកធ្វើឱ្យតម្លៃផលិតកម្មពិបាកនឹងធ្លាក់ចុះផងដែរ។
ទន្ទឹមនេះ ការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារប្រទេសចិន ពីបណ្ដាសហគ្រាសផលិតក្នុងស្រុក ក៏បានធ្វើឱ្យប្រទេសចិន មានភាពទាក់ទាញតិចជាងមុនផងដែរក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្ម។
កាលពី១ទសវត្សរ៍មុន ផលិតផលទូរស័ព្ទ Galaxy របស់ក្រុមហ៊ុន Samsung ដណ្ដើមបានចំណែកទីផ្សារដល់ទៅជាង២០%នៃទីផ្សារប្រទេសចិន ប៉ុន្តែបច្ចុប្បន្នបានធ្លាក់ចុះខ្លាំងមកនៅមិនដល់០,៥%ផងនោះទេ។ ដោយសារតែបែបនេះ ក្រុមហ៊ុន Samsung បានសម្រេចចិត្តរើសរោងចក្រផលិតផលិតផលសម្រេចទាំងអស់របស់ខ្លួនចេញពីប្រទេសចិន។
បច្ចុប្បន្ន ក្រុមហ៊ុន Samsung រក្សាទុករោងចក្រតែ៣ប៉ុណ្ណោះនៅក្នុងប្រទេសចិន ដែលសុទ្ធតែជារោងចក្រផលិតគ្រឿងបង្គុំដូចជាបន្ទះឈីប អាគុយរថយន្តអគ្គិសនីជាដើម៕ Reuters៕