ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងត្រៀមបង្ហាញសក្តានុពលលើគំរោងលំនៅដ្ឋាន និងដីឡូតិ៍លំហែរកាយ

0

ដោយៈ សិរីជេស៊ីកា

ភ្នំពេញៈ ជាមួយនឹងទេសភាពវាលស្រែខៀវស្រងាត់ បឹងឈួក ព្រលឹតរីករហង់ អមនឹងជួរភ្នំវែងអន្លាយ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រៀបបាននឹងបុប្ឆាលាក់ខ្លួន ដែលអ្នកវិនិយោគលើវិស័យអចលនទ្រព្យបានមើលរំលង។

តំបន់ដែលមានទេសភាពដ៏ឆើតឆាយ ជាមួយនឹងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល នៅអមនឹងជើងភ្នំ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍បណ្តើរៗហើយ ខណៈតម្លៃដីធ្លីនៅទាបនៅឡើយ ធៀបនឹងតំបន់ដទៃទៀត ដែលមានសក្តានុពលដូចគ្នា និងមាន​ចម្ងាយត្រឹម១០០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ ដែលបានចុះសិក្សាពីភូមិសាស្រ្តនៅតំបន់នោះកាលពីថ្ងៃទី១៤ តុលាកន្លងមកបានមានប្រសាសន៍ថា បណ្តាឃុំមួយចំនួន ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពិតជាមានធនធានធម្មជាតិដ៏ស្រស់ស្អាត ពិសេសជូរភ្នំវែងអន្លាយ ភ្ជាប់ជាមួយនឹងជួរភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ដែលអ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងមើលរំលង។

លោកបន្តថា “សម្បត្តិធម្មជាតិដ៏មហាសាល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ ប្រៀបបាននឹងពេជ្រមិនទាន់ច្នៃ ដែលនឹងត្រូវបានច្នៃនាពេលខាងមុខ ដែលនឹងផ្តល់នូវភាពរីកចម្រើននាពេលអនាគត”។ លោកបន្តថា “ដីនៅតំបន់នេះ មានតម្លៃចាប់ពី១ដុល្លារដល់១០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ដែលមានភាពសមស្របសំរាប់គំរោងវិនិយោគលំនៅដ្ឋាន និងដីឡូត៍លំហែរកាយ”។

លោកយិន លាងគង់បានបន្តថា បើគេធ្វើដំណើរទៅកាន់តំបន់នេះ អាចចេញតាមផ្លូវជាតិលេខ៥ និងចូលតាមផ្លូវជាតិលេខ៥៣ និងផ្លូវមួយចំនួនទៀតនៅតំបន់នេះ ដែលផ្លូវភាគច្រើននៅតំបន់នេះ បានចាក់កៅស៊ូរួចទៅហើយ ប៉ុន្តែផ្លូវមួយចំនួនបានចាក់ក្រួសក្រ​ហម ប៉ុន្តែអាចធ្វើដំណើរបានងាយស្រួលផងដែរ។

លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ឋពិតជាបាន និងកំពុងជួយលើកកំពស់វិស័យអចលនទ្រព្យ ហេតុនេះនៅពេលផ្លូវជាតិលេខ៥បញ្ចប់ការសាងសង់នាឆ្នាំ២០២៤ខាងមុខ ការធ្វើដំណើរទៅកាន់តំបន់នេះចំណាយពេល១ម៉ោងកន្លះ ទៅ២ម៉ោងប៉ុណ្ណោះ អាស្រ័យលើល្បឿននៃការបើកបរ។

ជាមួយគ្នានេះ អ្នកនាងឆយ ហ្រ្វីដាអគ្គនាយិកាក្រុមហ៊ុន Angel Realty និងជាទីប្រឹក្សាជាន់ខ្ពស់នៃគេហទំព័រ Propertyarea.asia បានមានប្រសាសន៍ឲ្យដឹងថា តំបន់ភាគច្រើនក្នុងឃុំជៀប ពោរពេញដោយជួរភ្នំ មានទេសភាពខៀវស្រងាត់ ដែលពិតជាស្រស់ស្អាត និងជាទីតាំងសំរាប់សំរាកលំហែរកាយ យ៉ាងស័ក្តិសមសម្រាប់គ្រួសារខ្មែរ ដែលមានជីវភាពចាប់ពីកម្រិតមធ្យមឡើងទៅ។

អ្នកនាងបន្តថា “ទីតាំងនេះ បើធៀបនឹងសក្តានុពលនៃខេត្តជាប់តំបន់ឆ្នេរ មានសភាពម្យ៉ាងម្នាក់ ដែលចម្ងាយមិនឆ្ងាយពេក និងមិនជិតពេក បើធ្វើដំណើរពីរាជធានីភ្នំពេញ”។ អ្នកនាងបន្តថា “តំបន់នេះពិតជាមានសក្តានុពល និងស័ក្តិសមសំរាប់រមណីយដ្ឋានលំហែរកាយ និងសាងសង់ផ្ទះលំហែរកាយនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here