ដោយៈសុខុម
បាងកក: រដ្ឋាភិបាលថៃបានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ចាប់ពីថ្ងៃទី១ វិច្ឆិកា តទៅ ភ្ញៀវទេសចរតាមជើងហោះហើរពី៥ប្រទេស ដែលចាក់វ៉ាក់សាំងគ្រប់ដូស នឹងមិនត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កទៀតឡើយពេលចូលប្រទេសថៃ ហើយគោលដៅទេសចរណ៍ក្នុងខេត្តជាច្រើនទៀតរបស់ថៃ ក៏នឹងត្រូវបើកឡើងវិញស្វាគមន៍ទេសចរបរទេសផងដែរ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) បានលើកឡើងថា CCSA កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ តុលា បានសម្រេចអនុញ្ញាតឱ្យភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងគ្រប់ដូសមកពី៥ប្រទេស រួមមានអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន ធ្វើដំណើរចូលក្នុងប្រទេសថៃ ដោយមិនចាំបាច់ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក ប្រសិនបើពួកគេឆ្លងផុតដំណាក់កាលធ្វើតេស្តរកវីរុសកូវីដ-១៩ មុនពេលមកដល់ សម្រាប់ដំណាក់កាលដំបូងចាប់ពីថ្ងៃទី០១ វិច្ឆិកា ដល់ថ្ងៃទី៣១ ធ្នូ។
ភ្ញៀវទេសចរមកពីប្រទេសទាំង៥នេះ ត្រូវបានគេចាត់ទុកថា មានហានិភ័យទាបដែលអាចឆ្លងវីរុសកូវីដ-១៩ ទើបបានជាប្រទេសថៃ មិនតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក។
ចំនួនគោលដៅដែលបើកស្វាគមន៍ភ្ញៀវទេសចរ ក៏នឹងពង្រីកពីខេត្តចំនួន៤រហូតដល់១៧ខេត្តផងដែរ។ លោក Taweesilp Visanuyothin បានបញ្ជាក់ថា ការបើកនេះរាប់បញ្ចូលគោលដៅទាំងអស់ ក្នុងក្រុងបាងកក ខេត្តសាមុតប្រាកាន (បើកតែអាកាសយាន ដ្ឋានសុវណ្ណភូមិ) ខេត្តប្រាជួបគិរីខាន់ (បើកតែស្រុកហួហ៊ីន) និងគោលដៅទាំងអស់ក្នុងខេត្តក្រាប៊ី និងខេត្តផាំងង៉ា ផងដែរ។
ចាប់ពីថ្ងៃ ទី១ ធ្នូ តទៅ ខេត្តធំៗចំនួន១៦ផ្សេងទៀត ក៏នឹងបើកឡើងវិញរួមមានទាំងខេត្តឈៀងរ៉ៃ និងសុខោទ័យផងដែរ។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ម្សិញមិញនេះថា ប្រទេសថៃបានត្រៀមរួចជាស្រេច ដើម្បីបើកឡើងវិញក្នុងរយៈពេល២សប្ដាហ៍ខាងមុខ។
លោកបានបន្ថែមទៀតថា “ប្រទេសជាច្រើនចង់អនុញ្ញាត ឱ្យពលរដ្ឋរបស់ខ្លួនមកលេងនៅប្រទេសថៃ។ វាគឺជាការចាប់ផ្ដើមទ្រង់ទ្រាយតូច ដើម្បីឱ្យពលរដ្ឋអាចបន្តរកទទួលទាន”៕ Bangkok Post ៕