អារ៉ាប់រួមអេមីរ៉ាត និងកូរ៉េខាងត្បូង ព្រមព្រៀងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CEPA

0

ដោយៈសុខុម

ឌូបៃ: អារ៉ាប់រួមអេមីរ៉ាត និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ តុលា បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ ដែលប្រទេ​សទាំង២សង្ឃឹមថា នឹងពង្រីកឱកាសសេដ្ឋកិច្ច រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

កាលពីខែមុន ប្រទេសអារ៉ាប់រួមអេមីរ៉ាតបានប្រកាសឱ្យដឹងថា ខ្លួននឹងស្វះស្វែងបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចទូលំទូលាយ ដែលគ្របដណ្តប់លើពាណិជ្ជកម្ម និងការវិនិ​យោគជាមួយប្រទេសចំនួន៨ រួមមាន ឥណ្ឌា អង់គ្លេស តួកគី កូរ៉េខាងត្បូង អេត្យូពី ឥណ្ឌូនេស៊ី អ៊ីស្រាអែល និងកេនយ៉ា។

ប្រទេសទាំង២ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា កិច្ចព្រមព្រៀងជាមួយប្រ​ទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ” (Comprehensive Economic Partnership Agreement) ហៅកាត់ CEPA នេះមានគោលបំណងធ្វើ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើមុខទំនិញ សេវាកម្ម និងការវិនិយោគ”។

លោក Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានថ្លែងថា “កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លើកដំបូងរបស់យើងជាមួយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា”។ លោកបានបន្ថែមទៀតថា “ប្រទេសអារ៉ាប់រួមអេមីរ៉ាត គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា”។

ចំណែកឯលោក Thani Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសនៃប្រទេសអារ៉ាប់រួមអេមីរ៉ាតបានថ្លែងថា លោករំពឹងថា កិច្ចចរចានឹងចាប់ផ្តើមធ្វើឡើង ក្នុងរយៈពេល២ខែខាងមុខ ហើយលោកសង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ក្នុងរយៈពេលមួយឆ្នាំ។

លោកបានបង្ហាញសុទិដ្ឋិនិយមថា “ខ្ញុំសង្ឃឹមថា ពាក់កណ្តាលនៃកិច្ចព្រមព្រៀង CEPA ជាមួយប្រទេសទាំង៨ នឹងសម្រេចបាននៅត្រឹមដំណាច់ឆ្នាំ២០២២”។

ការជំរុញរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួននេះធ្វើឡើង បន្ទាប់ពីខ្លួនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួន ដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ហើយក៏ធ្វើឡើងស្របពេលប្រទេសនេះ កំពុងប្រឈមការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច កាន់តែខ្លាំងឡើងពីអារ៉ាប៊ីសាអូឌីត។

លោក Yeo Han-Koo បានគូសបញ្ជាក់ថា ប្រទេសអារ៉ាប់រួមអេមីរ៉ាត និងកូរ៉េខាងត្បូង បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល ដោយលើកឡើងថា រោងចក្រអគ្គិសនី ដើរដោយនុយក្លេអ៊ែរ Barakah Nuclear Energy Plant នៅក្រុងអាប៊ូដាប៊ី (Abu Dhabi) ប្រទេសនេះ កំពុងស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុន Korea Electric Power Corp (KEPCO)៕ Arab News ៕

LEAVE A REPLY

Please enter your comment!
Please enter your name here