តើវិបត្តិក្រុមហ៊ុនចិន Evergrande នឹងជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ចិនដែលកំពុងវិនិយោគគម្រោងធំៗឬទេ?

0

ដោយៈសុខុម

ភ្នំពេញ: ដោយសារតែមានក្រុមហ៊ុនអភិវឌ្ឍន៍ចិនជាច្រើន កំពុងវិនិយោគគម្រោងធំៗនៅកម្ពុជា ទើបនាំឱ្យមានការចោទជាសំណួរថា តើវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ចិន Evergrande ដែលបានបង្កចលាចលពេញវិស័យអចលនទ្រព្យក្នុងប្រទេសចិន និងធ្វើឱ្យទីផ្សារពិភពលោករងការរង្គោះរង្គើនោះ នឹងជះផលប៉ះពាល់ដល់កម្ពុជា ដែរឬយ៉ាងណា?។

ជាក់ស្ដែងគម្រោងខ្នាតយក្ស Phnom Penh Habour Bay របស់ក្រុមហ៊ុនចិន Yuetai Group Co Ltd ដែលគ្របដណ្ដប់លើផ្ទៃដីសរុប៩ហិកតា ស្ថិតនៅតាមបណ្ដោយមាត់ទន្លេសាប ក្នុងរាជធានីភ្នំពេញ កំពុងបន្តដំណើរការសាងសង់ធម្មតា គ្រាន់តែមានសន្ទុះយឺតជាងការរំពឹងទុក។

ការសាងសង់ផ្នែកដែលមានតម្លៃធូរថ្លៃ រួមមានខុនដូ និងShophouse នៃគម្រោងខ្នាតយក្សមួយនេះ បានឈានដល់ដំណាក់កាលទី២ និងដំណាក់កាលទី៤ ហើយដើម្បីបំពេញឱ្យបំពេញទាន់តាមតម្រូវការរបស់អ្នកទិញ។

ទោះជាយ៉ាងណា ផ្នែកមានតម្លៃថ្លៃនៃគម្រោង ដែលមានទំហំទុនវិនិយោគសរុប៨០០លានដុល្លារ នេះដែលយើងមើលមិនឃើញ គឺការចាប់ផ្ដើមដំណើរការសាងសង់អគារការិយាល័យភ្លោះ ផ្សារទំនើប មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ ប្លុកខុនដូខ្ពស់ៗ និងសណ្ឋាគារ White Swan Hotel លំដាប់ផ្កាយ៥។

សម្រាប់ពេលនេះ ក្រុមហ៊ុន Yuetai Group Co Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅក្រុងសៀងហៃ ប្រទេសចិន Guangzhou Yuetai Group Co Ltd  កំពុងតែសម្រុកសាងសង់ផ្នែក ដែលមានតម្លៃធូរថ្លៃនៃគម្រោង ពោលគឺខុនដូដែលមានតម្លៃចន្លោះពី៤.០០០ដុល្លារ ដល់១០០.០០០ដុល្លារ ក្នុងមួយយូនីត និងផ្ទះអាជីវកម្មដែលមានតម្លៃចន្លោះពី២០០.០០០ដុល្លារ ដល់៤០០.០០០ដុល្លារ ក្នុងមួយជុង។

តំណាងភ្នាក់ងារលក់ប្រចាំក្រុមហ៊ុន Yuetai Group Co Ltd ឈ្មោះ លីម សេង បាននិយាយថា “សម្រាប់គម្រោងផ្ទះអាជីវកម្ម និងខុនដូ យើងលក់បានប្រមាណ៧០% ហើយ ហើយអតិថិជនភាគច្រើនគឺជាជនជាតិខ្មែរ”។

ទោះជាយ៉ាងណា បុរសជាតំណាងភ្នាក់ងារលក់រូបនេះបានបដិសេធភ្លាមៗថា គាត់មិនដឹងឡើយជុំវិញការចាប់ផ្ដើម ដំណើរការសាងសង់ផ្នែកផ្សេងៗទៀតនៃគម្រោងនេះ។ លេចធ្លាយព័ត៌មានថា ម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Yuetai Group Co Ltd បានដាក់ពាក្យសុំប្រកាសក្ស័យធន ហើយពេលសាកសួរទាក់ទិនរឿងនេះ បុរសខាងលើនេះក៏មិនបានឆ្លើយនោះដែរ។

ផ្អែកតាមរបាយការណ៍ផ្សារភាគហ៊ុន ក្រុងសៀងហៃបានបង្ហាញថា ក្រុមហ៊ុន Guangzhou Yuetai Group Co Ltd មានបញ្ហាហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការជួបបញ្ហាហិរញ្ញវត្ថុ មិនមែនកើតមានតែចំពោះក្រុមហ៊ុន Guangzhou Yuetai Group Co Ltd នោះទេ ពោលគឺមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ជាច្រើនទៀតនៅក្នុងប្រទេសចិន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រោយផ្ទុះវិបត្តិក្រុមហ៊ុន Evergrande ដែលជំពាក់បំណុលគរដូចភ្នំ ដែលមានទំហំរហូតដល់ទៅ៣០៥ពាន់លានដុល្លារ ខណៈរដ្ឋាភិបាលចិន ដាក់ចេញវិធានការរឹតបន្តឹង លើការផ្ដល់កម្ចីដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍។

អ្នកជំនាញបានលើកឡើងថា ប្រសិនបើបុត្រសម្ព័ន្ធនៅកម្ពុជា នៃក្រុមហ៊ុនអភិវឌ្ឍន៍ចិន ទាំងនោះពឹងផ្អែកលើស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសចិន សម្រាប់ហិរញ្ញប្បទានសម្រា​ប់ជំរុញគម្រោងរបស់ខ្លួន នោះនឹងមានបញ្ហាហើយ។

អ្នកជំនាញបានគូសបញ្ជាក់ថា កង្វះហិរញ្ញប្បទានអាចនឹងធ្វើការការបញ្ចប់គម្រោងត្រូវពន្យារពេល អ្នកផ្គត់ផ្គង់មិនទទួលបានការទូទាត់ទាន់ពេលវេលា ហើយខកខានក្នុងការបង់ការប្រាក់លើបំណុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here