រដ្ឋាភិបាលចិនចេញមុខអន្តរាគមន៍ដោយបញ្ជាឱ្យធនាគារធំៗបន្ថូរបន្ថយលក្ខខណ្ឌសម្រាប់កម្ចីទិញផ្ទះដើម្បីសម្រាលវិបត្តិ

0

ដោយៈសុខុម

ប៉េកាំង: ប្រភពបានទម្លាយឱ្យដឹងថា ទីបំផុតក្រុមនិយ័តករហិរញ្ញវត្ថុ នៃប្រទេសចិន បានចេញមុខអន្តរាគមន៍ហើយ ដោយបញ្ជាឱ្យធនាគារធំៗ ជួយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្លឿនការអនុម័ត កម្ចីទិញផ្ទះនៅក្នុងត្រីមាសទី៤ ចុងឆ្នាំនេះដើម្បីសម្រាលវិបត្តិក្នុងវិស័យអចលនទ្រព្យក្នុងប្រទេស។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៥ តុលា នេះថា ទន្ទឹមនេះធនាគារនានា ក៏ត្រូវបានអនុញ្ញាតឱ្យស្នើសុំច្បាប់អនុញ្ញាត ដើម្បីលក់ទ្រព្យសកម្ម ដែលគាំទ្រដោយកម្ចីទិញផ្ទះផងដែរ ស្របពេលមានការព្រួយបារម្ភខ្លាចវិបត្តិសាច់ប្រាក់ និងបំណុលនៅក្រុមហ៊ុនអភិវឌ្ឍន៍ China Evergrande Group រាលដាលដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗទៀត។

ប្រទេសចិន បានចាប់ផ្ដើមរឹតបន្តឹងលើទីផ្សារអចលនទ្រព្យ ចាប់តាំងពីចុងឆ្នាំ២០២០ ដោយបានដាក់ចេញវិធានការថ្មីៗដើម្បីតាមដាន និងត្រួតពិនិត្យយ៉ាងស្អិតនូវកម្រិតបំណុលរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍។

ប៉ុន្តែដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ហើយការសាងសង់ថ្មីៗ ចាប់ផ្ដើមបង្អង់ល្បឿន សកម្មភាពទិញផ្ទះ ទុកលក់ចំណេញក៏បានឈានដល់កម្រិតទុំជោរ។ នេះមានន័យថា សកម្មភាពទិញលក់ស្ងប់ស្ងាត់ ជាហេតុធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ជួបវិបត្តិស្ទះលុយធ្ងន់ធ្ងរ មុននឹងឈានដល់ការបន្ធូរបន្ថយនេះ។

ទោះជាយ៉ាងណា ប្រភពពីក្រុមមន្ត្រីធ្វើគោលនយោបាយ និងក្រុមអ្នកវិភាគបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅសប្ដាហ៍នេះថា ក្រុមមេដឹកនាំចិន ទំនងជារក្សាការរឹតបន្តឹងលើវិស័យអចលនទ្រព្យដដែល ប៉ុន្តែអាចនឹងបន្ធូរបន្ថយខ្លះៗ ក្នុងករណីដែលចាំបាច់។

លោកយី កាង (Yi Gang) ទេសាភិបាលធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានប្រាប់ស្ថាប័នហិរញ្ញវត្ថុចំនួន២៤ កាលពីចុងខែកញ្ញា ឱ្យជួយរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អតិថិជនទិញលំនៅដ្ឋាន។

ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំការបំភ្លឺ ធនាគារកណ្ដាល PBOC និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) មិនបានឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here