ហេតុអ្វីខណ្ឌទួលគោកជាតំបន់ល្អបំផុតសម្រាប់ការស្នាក់នៅ?

0

ដោយៈសហសេវិក

ភ្នំពេញៈ ទួលគោកគឺជាខណ្ឌដ៏ធំមួយ ស្ថិតនៅក្នុងកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ពេញនិយមបំផុតមួយសម្រាប់ការរស់នៅ បន្ទាប់ពីខណ្ឌបឹងកេងកង និងចំការមន។

ខណ្ឌទួលគោកត្រូវបានបែងចែកជា១០សង្កាត់ និង១៤៣ភូមិ មានផ្ទៃដី៧,៩៩ គីឡីម៉ែត្រការ៉េ និងមានប្រជាជនជាង ១៤៥.០០០ នាក់។

ទួលគោកមានសង្កាត់សំខាន់ៗចំនួនពីរគឺសង្កាត់បឹងកក់ ១ និងបឹងកក់ ២ ដែលជាសង្កាត់មានប្រជាប្រិយបំផុត សម្រាប់លំនៅឋានជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេ​សមានផ្លូវធំទូលាយចំនួន៣ គឺផ្លូវ២៨៩, ៣១៥ និង ៣៣៧។ នៅលើផ្លូវទាំង៣នេះ រួមមានអគារពាណិជ្ជកម្មខ្ពស់ៗ អាផាតមិន ផ្សារទំនើប ធនាគារ និងសកម្មភាពអាជីវកម្មជាច្រើនផងដែរ។

លោកសៀក នារីតីប្រធានផ្នែកវាយតម្លៃនៅក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត បានលើកឡើងថា ខណ្ឌទួលគោកគឺជាខណ្ឌមួយដែលមានផ្លូវល្អប្រសើរ ដោយតភ្ជាប់ជាមួយផ្លូវធំៗជាច្រើន ដូចជា មហាវិថីសហព័ន្ធរុស្សី មហាវិថីម៉ៅសេទុង ផ្លូវលេខ២៧១ ផ្លូវលេខ១៨២ និងផ្លូវពាណិជ្ជកម្មជាច្រើនផ្សេងទៀត ។

លោកបានបន្តថា ទួលគោកត្រូវបានចាត់ទុកថាជាខណ្ឌ ដែលមានប្រជាប្រិយបំផុតសម្រាប់ការស្នាក់នៅ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ដោយមានគម្រោងអភិវឌ្ឍន៍ជាច្រើននៅទីនោះ ដូចជា អគារពាណិជ្ជកម្ម ខុនដូ អាផាតមិន ហាងទំនិញ សាលារៀនអន្តរជាតិ និងផ្លូវធំៗជាច្រើនដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ ភាពស្រស់ស្អាតនៃខណ្ឌនេះគឺដោយសារតែផ្ទះ និងវីឡាធំៗ និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ។

ដោយសារតែវាជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ទើបធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌនេះ ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ខណ្ឌនេះសម្បូរទៅដោយអគារពាណិជ្ជកម្ម និងអគារលំនៅឋានល្បីៗជាច្រើនដូចជា ខុនដូ DeCastle ខុនដូ Nobeless ខុនដូ Royal Platinum ខុនដូធីខេស្តារ ផ្សារទំនើបធីខេ SAMAI square និងHCN Mall and Residence ដែលអគារទាំងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ ១ និងបឹងកក់ ២។

ផ្អែកលើការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុនឃី រៀល អ៊ី ស្ទេត នៅក្នុងឆមាសទី១ ឆ្នាំ២០២១តម្លៃដីនៅតាមបណ្តោយផ្លូវធំ នៃខណ្ឌទួលគោកមានតម្លៃប្រមាណពី ៣.៥០០ដុល្លារ ទៅ៥.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងផ្លូវតូចមានតម្លៃចាប់ពី ២.០០០ដុល្លារ ទៅ ៣.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីនៅក្នុងខណ្ឌនេះត្រូវបានព្យាករណ៍ថា នឹងកើនឡើង៥ភាគរយជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះ លោក Roshan Lal នាយកប្រតិបត្តិក្រុមហ៊ុន Rentex Property Service បានលើកឡើងថា៖ “ខណ្ឌទួលគោកសម្បូរអភិជនជាច្រើន រស់នៅក្នុងខណ្ឌនេះ បើប្រៀបធៀបទៅនឹងខណ្ឌចំការមន និងខណ្ឌផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ។ ខណ្ឌនេះមានផ្លូវធំទូលាយ និងស្អាតៗជាច្រើន ដែលជាការទាក់ទាញដល់គម្រោងជាច្រើនដូចជាគម្រោងលំនៅដ្ឋាន និងផ្សារទំនើបជាដើម”។

លោក Roshan បានបន្ថែមផងដែរថា ខណ្ឌទួលគោកគឺជាជម្រើសទីមួយសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានជាលក្ខណឯកជន។ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត ខណ្ឌទួលគោកមានសក្តានុពលច្រើន ចំពោះអចលនទ្រព្យសម្រាប់ជួល។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ គាត់ជឿជាក់ថាខណ្ឌនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅកណ្តាលក្រុងភ្នំពេញ បន្ទាប់ពីខណ្ឌចំការមន និងខណ្ឌបឹងកេងកង។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងតាមរយៈ 096 7876 902 (Telegram)/ 066 886633 ប្រភព៖ Harbor Property

 

LEAVE A REPLY

Please enter your comment!
Please enter your name here