ដោយ: សុផារី
ភ្នំពេញ: លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍ទេសចរណ៍ នៅពេលកម្ពុជាបើកប្រទេសឡើងវិញក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាស ដែលលោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ (The 2nd United Nations Global Sustainable Transport Conference) តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង តបតាមការអញ្ជើញរបស់លោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន។
សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើប្រធានបទមួយចំនួនរួមមាន តួនាទីនៃការដឹកជញ្ជូនចីរភាពក្នុងការការលុបបំបាត់ភាពក្រីក្រ ការជំរុញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ការតភ្ជាប់សកល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថ្នាក់តំបន់ នវានុវត្តន៍ និងទីក្រុងចីរភាព។






