ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ អំណាចនៃការទិញបានធ្វើឲ្យទីផ្សារកម្ពុជា បន្តស្រូបទាញក្រុមហ៊ុនយីហោល្បីៗលំដាប់អន្តរជាតិជាបន្តបន្ទាប់ ស្របពេលផ្សារទំនើបបែបសហគមន៍ចំនួន៣ទៀតបានបើកដំណើរការនៅរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនCBRE Cambodiaដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា គម្រោងផ្សារទំនើបថ្មីចំនួន៣ត្រូវបានបញ្ចប់ការសាងសង់ និងបើកដំណើរការ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ នេះ ព្រមនឹងការឈានជើងចូលមកប្រេនអន្តរជាតិធំៗ៤ ផ្សេងទៀត។
ផ្សារបែបសហគមន៍ចំនួន៣ ដែលបើកដំណើរការរួមមានSCG Design Village, The Commune, និង MC Park ខណៈប្រេនអន្តរជាតិទាំង ៤ រួមមាន Pizza 4P’s, Pizza Hut, 7-Eleven, និង Big C mini។
របាយការណ៍បានបង្ហាញថា ត្រឹមត្រីមាសទី២នេះ មានត្រឹម៥៣ភាគរយនៃគម្រោងផ្សារទំនើប ដែលព្យាករថានឹងបើកនៅសម្រាប់ឆ្នាំ២០២១ ដែលបានបញ្ចប់។ ការយឺតយ៉ាវនេះ គឺដោយសារការលំបាកក្នុងការជួលគម្រោង និងការពន្យារពេលដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សំណង់។
លោកTe Duong Vathana អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មលក់រាយរបស់ CBRE បានមានប្រសាសន៍ថា ទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ នៅតែបន្តសម្របខ្លួនទៅនឹងសម្ពាធនៃជំងឺរាតត្បាត ហើយនៅក្នុងត្រីមាសទី៣នេះ គឺម្ចាស់អចលនទ្រព្យនៅតែប្រឈមនឹងផលវិបាកបន្តទៀត៕