ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ គំរោងវិនិយោគខុនដូរបស់ក្រុមហ៊ុនជប៉ុនARAKAWA Residenceដែលគ្រោងបោះទុនវិនិយោគ៧០លានដុល្លារអាមេរិក បាននិងកំពុងវិវត្តន៍ឆ្ពោះទៅមុខយ៉ាងប្រសើរ ជាមួយនឹងការបញ្ចប់គ្រោងអាគារដំណាក់កាលទី២។
គំរោងខុនដូArakawa Residence គឺជាគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យ ដែលសាងសង់នៅលើផ្ទៃដី ១,៣៦ ហិកតាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយចែកចេញជា ២ ដំណាក់កាលក្នុងនោះដំណាក់កាលទី១ មានអគារកម្ពស់២១ជាន់ចំនួន១០ និងដំណាក់កាលទី២ ចំនួន៦អគារ។
សហស្ថាបនិកក្រុមហ៊ុន Arakawa Co.,Ltd លោក អៀង សុធារ៉ា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា បើទោះបីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅដល់មនុស្សជាច្រើន ក៏សកម្មភាពសាងសង់របស់គម្រោងនេះមិនបានផ្អាកឡើយ។ ជាក់ស្តែងការសាងសង់ក្នុងដំណាក់កាលទី២ ដែលមានអគារចំនួន៦ នៅពេលនេះបានបញ្ចប់គ្រោងអគារ១០០ភាគរយរួចហើយ ដោយរំពឹងថា នឹងអាចបើកឱ្យអតិថិជនចូលស្នាក់នៅ ចាប់ពីឆមាសទី២ ឆ្នាំ២០២២ខាងមុខនេះ។
លោកបន្តថា “គម្រោងនេះ ត្រូវបានសាងសង់ដោយផ្តោត លើគុណភាពសំណង់ និងបរិស្ថានល្អសម្រាប់ការរស់នៅ”។លោកបន្តថា “មហិច្ឆតាក្នុងការបញ្ចប់ការសាងសង់ទៅតាមផែនការ បានធ្វើឱ្យដំណើរការសាងសង់របស់យើង ដំណើរការទៅមុខដោយរលូន”។
ពេលនេះ ក្រុមការងារកំពុងរៀបចំតភ្ជាប់បណ្តាញទឹក ភ្លើង និងរៀបឥដ្ឋជាបណ្តើរៗហើយសម្រាប់ដំណាក់កាលទី២។
ក្រុមហ៊ុន Arakawa Co., Ltd ចំនួនបន្ទប់ (យូនីត) ទាំងអស់ចំនួន១៦៨០ យូនីតនៃដំណាក់កាលទី១ បានលក់អស់១០០ភាគរយ ខណៈដំណាក់កាលទី២ មានចំនួន១ ៤៨៤ យូនីត លក់បានប្រហែល៣០០យូនីត។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ១២ ខែតុលា បានឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២១ ចំនួនបន្ទប់ស្នាក់នៅក្នុងខុនដូ នៅរាជធានីភ្នំពេញមានប្រមាណ៣០,០០០យូនីត៕