អ្នកវិនិយោគក្នុងស្រុកបោះទុន២០លានដុល្លារសាងសង់បុរីជាលើកដំបូងនៅក្រុងកែប

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកវិនិយោគក្នុងស្រុក បានសម្រេចចិត្តបោះទុនវិនិយោគ២០លានដុល្លារអាមេរិក ដើម្បីសាងសង់បុរីមានភាពស៊ីវិល័យ ជាលើកដំបូងនៅក្នុងទីក្រុងកែប ជាទីក្រុងដែលមានសក្តានុពលខ្ពស់ផ្នែកវិស័យទេសចរណ៍៍។

តំណាងក្រុមហ៊ុន RAJINI PREMIUM RESIDENCE បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីរាត្រីថ្ងៃទី២១ តុលាកន្លងមកថា ដោយសារយើងសង្កេតឃើញថា ខេត្តកែបកំពុងមានភាពរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមិនទាន់មានអ្នកវិនិយោគបុរីណាមួយទៅវិនិយោគនៅឡើយ ទើបយើងសម្រេចចិត្តវិនិយោគបុរី RAJINI PREMIUM RESIDENCE នេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពល រដ្ឋ។

តំណាងក្រុមហ៊ុនដដែលបានបន្តថា “យើងយល់ឃើញថា ខេត្តកែបមានប្រជាជនធូរធារច្រើន ដែលមានលទ្ឋភាពទិញបុរីរស់នៅបែបស៊ីវិល័យផងដែរ ស្របពេលខេត្តនេះមានសក្តានុពលសេដ្ឋកិច្ច ពិសេសតម្លៃដីធ្លីបានបន្តកើនឡើង”។ លោកបន្តថា “គោលដៅ​របស់យើងគឺនាំនូវបុរីមានភាពទំនើប ស៊ីវិល័យ និងមានសោភ័ណភាពដល់ប្រជាជននៅទីក្រុងនេះ ដែលពួកគេបានលក់ដិ ហើយមានលទ្ឋភាពទិញលំនៅដ្ឋានក្នុងបុរីនេះបាន”។

លំនៅដ្ឋានក្នុងបុរី RAJINI PREMIUM មានតម្លៃចន្លោះពី៧០,០០០ ដល់២០ម៉ឺនដុល្លារអាមេរិក។

បុរីនេះមានទីតាំងនៅលើផ្លូវជាតិ៣៣អា ដែលមានទំហំ៥០ម៉ែត្រ ជាមួយ​នឹងផ្ទះអាជីវកម្ម និងវីឡាកូនកាត់ ជាប្រភេទលំនៅដ្ឋាន ដែលកំពុងមានការពេញនិយមនៅកម្ពុជា។

តំណាងបុរីនេះបានបន្តថា រហូតមកទល់ពេលនេះ ការសាងសង់បានចាប់ផ្តើមយ៉ាងសស្រាក់សស្រាំ ប៉ុន្តែយើងមិនទាន់បើកលក់នៅឡើយទេ ដោយសារក្រុមហ៊ុនមានទុនវិនិយោគគ្រប់គ្រាន់ និងចង់ផ្តល់ទំនុកចិត្តដល់អតិថិជន។

គំរោងរបស់បុរី RAJINI PREMIUM RESIDENCE សាងសង់លើផ្ទៃដី២ហិកតា ដែលមានផ្ទះជាង១៥០ល្វែង ដែលផ្តល់ភាពស៊ិវិល័យ និងការរស់នៅបែបទាន់សម័យ​ដល់ប្រជាពលរដ្ឋរស់នៅទីក្រុងនេះ ព្រោះគោលដៅរបស់យើងចង់នាំយក នូវភាពស៊ីវិល័យដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដ៏តូចច្រឡឹងនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here