ការសិក្សាថ្មីៈ វ៉ាក់សាំងអាមេរិក Pfizer មានប្រសិទ្ធភាពជាង៩០ភាគរយក្នុងការប្រឆាំងវីរុសបំប្លែងខ្លួនថ្មី Delta ក្នុងចំណោមក្មេងជំទង់

0

ដោយៈសុខុម

អាមេរិកៈ ការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងអាមេរិក Pfizer/BioNTech មានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta ក្នុងចំណោមក្មេងជំទង់អាយុចាប់ពី១២ដល់១៨។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា។

លទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងនៅប្រទេសអ៊ីស្រាអែល និងចុះផ្សា​យក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រអង់គ្លេស New England Journal of Medicine នេះនឹងផ្ដល់ការធានាបន្ថែមទៀតថា វ៉ាក់សាំង Pfizer ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ក្នុងចំណោមក្មេងជំទង់ ខណៈក្រុមហ៊ុនផលិតឱសថ របស់សហរដ្ឋអាមេរិកមួយនេះ កំពុងពិចារណាចាក់វ៉ាក់សាំងនេះដល់កុមារអាយុ៥ឆ្នាំ។

ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩ ក្នុងចំណោមក្មេងជំទង់ចន្លោះពី៩០% ទៅ៩៣%នៅថ្ងៃទី៧ ដល់ថ្ងៃទី២១ ក្រោយពីចាក់ដូសទី២។

ក្រុមអ្នកសិក្សាស្រាវជ្រា វមកពីវិទ្យាស្ថានស្រាវជ្រាវផ្នែកសុខាភិបាល Clalit Research Institute នៃប្រទេសអ៊ីស្រាអែល និងសាកលវិទ្យាល័យអាមេរិក Harvard University បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ពីអ្នកទទួលវ៉ាក់សាំងចំនួន៩៤.៣៥៤នាក់ដែលមានអាយុពី១២ដល់១៨ឆ្នាំ ធៀបនឹងក្មេងជំទង់ក្នុងចំនួនស្មើគ្នា ដែលមិនបានចាក់វ៉ាក់សាំង។

ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងនៅចន្លោះខែមិថុនា ដល់ខែកញ្ញា ជាពេលដែលវីរុសបំប្លែងខ្លួនថ្មី Delta កំពុងផ្ទុះការឆ្លងខ្លាំង នៅក្នុងប្រទេសអ៊ីស្រាអែល។

វិទ្យាស្ថាន Clalit Research Institute បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទី២០ តុលា ថា ការសិក្សាស្រាវជ្រាវនេះ គឺជាការវាយតម្លៃដ៏ធំបំផុតមួយ ដែលត្រូវបានធ្វើឡើង ក្នុងចំណោមក្រុមមនុស្សអាយុដូចគ្នា លើប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Delta។

កាលពីដើមសប្តាហ៍នេះ ការវិភាគមួយដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់​គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បង្ហាញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព៩៣% នៅក្នុងការការពារការឆ្លងធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងចំណោមក្មេងជំទង់អាយុពី១២ដល់១៨ឆ្នាំ។

វ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ លើកុមារអាយុចាប់ពី១២ឆ្នាំឡើងទៅ ហើយក្រុមហ៊ុននេះកំពុងស្វះស្វែង សុំការអនុម័តបន្ថែមទៀត ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (US Food and Drug Administration) សម្រាប់ការប្រើប្រាស់វាលើអាយុ៥ឆ្នាំ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here