សម្តេចតេជោឲ្យស្ថាប័នជំនាញពិនិត្យលទ្ឋភាពបើកជើងហោះហើរជាមួយ បណ្តាប្រទេសអាស៊ាន

0

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នជំនាញ ធ្វើការពិនិត្យមើលអំពីលទ្ធភាពក្នុងបើកជើងហោះហើរឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាថៃ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២២ តុលា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។ សម្តេចតេជោបានថ្លែងថា សម្រាប់កម្ពុជាមានប្រទេសខ្លះ មិនមានទំនាក់ទំនងផ្លូវអាកាសជាមួយនោះទេ ប៉ុន្តែក៏មានប្រទេសខ្លះ ដែលកម្ពុជាខ្លួនឯងជាអ្នកបិទមិនឲ្យមានការហោះហើរដែរ ដោយសារតែពេលនោះមានករណីឆ្លងជំងឺកូវីដ១៩ រីករាលដាលខ្លាំង ដូចជាពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។

សម្តេចបន្តថា “បច្ចុប្បន្ននេះការហោះហើរចេញចូលមកកម្ពុជា មានពីប្រទេសសិង្ហបុរី ចិន និងកូរ៉េខាងត្បូង ប៉ុន្តែនៅពេលនេះ ប្រទេសថៃចាប់ផ្តើមបើកឲ្យកម្ពុជា ចូលប្រទេសរបស់ពួកគេ ដោយមិនបាច់ធ្វើចត្តាឡីស័ក”។សម្តេចបន្តថា “ដូច្នេះនោះកម្ពុជាក៏អាចឲ្យភ្ញៀវមកពីប្រទេសថៃ មិនបាច់ធ្វើចត្តាឡីស័ក ហើយអាចបើកការហោះហើយឡើងវិញបានផងដែរ”។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកឡើងវិញ នូវផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយនៃឥណ្ឌូនេស៉ី និងហ្វីលីពីន មកកម្ពុជាវិញផងដែរ ដែលយើងបានធ្វើការគ្រប់គ្រងល្អហើយ សម្រាប់ព្រលានយន្តហោះរបស់យើង ហើយយើងក៏បានកាត់បន្ថយចំនួនពេលវេលា នៃការធ្វើច  ត្តាឡីស័ក ដែលអាចជាផ្នែកនៃការទាក់ទាញ ដែលអាចឈានដល់ការរៀបចំបើកឡើងវិញ នូវទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង។

រាជរដ្ឋាភិបាល បានបន្ធូរបន្ថយរយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងពេញលេញរួច ដោយតម្រូវឲ្យអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ។ ដោយឡែកត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដី១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍គាំទ្រការលើកឡើងរបស់សម្តេចតេជោ ដោយលោកបានមានប្រសាសន៍ថា វាជាដំណឹងល្អមួយសំរាប់កម្ពុជា ព្រោះយើងជឿជាក់ថា នៅពេលបើកអាកាសចរណ៍ក្នុងតំបន់អាស៊ាន នឹងធ្វើឲ្យមានសកម្មភាព និងភ្ញៀវទេសចរណ៍ ដែលនឹងជួយជម្រុញសេដ្ឋ​កិច្ចរបស់យើងឲ្យមានកំណើនឡើងវិញ។

លោកបន្តថា “អ្វីដែលខ្ញុំសំណូមពរ គឺរដ្ឋាភិបាលគួរសិក្សាតាមប្រទេសថៃ ដែលបាន​បើកទទួលទេសចរណ៍ជាង៤០ប្រទេស។ ហេតុនេះរាជរដ្ឋាភិបាលគួរពិចារណាបើកទទួលទេសចរណ៍ ដោយគ្មានការធ្វ់ចត្តាឡីស័ក”។ លោកបន្តថា “យ៉ាងណាក៏ដោយរដ្ឋាភិ​បាលគួរពិចារណាលើបញ្ហានេះឡើងវិញ ព្រោះបើធ្វើចត្តាឡីស័ក៧ថ្ងៃ គឺមិនបានផលច្រើន​នោះទេ តែបើបើកដោយគ្មានការធ្វើចត្តាឡីស័ក ទើបកម្ពុជាបានផលច្រើនសម្រាប់ស្តារ​សេដ្ឋ​កិច្ចរបស់ខ្លួន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here