ដំណឹងរីករាយៈសម្តេចតេជោអនុញ្ញាត្តឲ្យរៀបចំកម្មវិធីប្រជុំនានាក៏ដូចជាបើក ដំណើរការសេដ្ឋកិច្ចឡើងវិញ

0

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី២២ តុលានេះបានប្រកាសឲ្យបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ និងកម្មវិធីសម្ពោធនានា ក៏ដូចជាការអនុញ្ញាតបើកដំណើរការសេដ្ឋកិច្ចផងដែរ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយសម្តេចបញ្ជាក់ថា ក៏ព្រោះតែការត្រៀមបម្រុងរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការរៀនរស់នៅជាមួយកូវីដ១៩ មានលក្ខណៈល្អប្រសើរ ដែលអាចឲ្យយើងរៀបចំកម្មវិធីដោយផ្ទាល់បាន។

សម្តេចតេជោបន្តថា “សម្រាប់លទ្ធភាពដែលយើងអាចប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលមិនអាចប្រជុំបាន យើងប្រជុំតាមប្រព័ន្ធ Zoom”។សម្តេចបន្តថា “កិច្ចការបន្តសម្តេចស្នើឲ្យមានការរៀបចំដំណើរការដំបូងរបស់សម្តេច គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមឡើងវិញ ឲ្យមានដំណើរការកម្មវិធីដោយផ្ទាល់នេះ”។

សម្តេចតេជោហ៊ុន សែនបានបន្តថា បើយើងនៅតែក្នុងរោង ក្នុងពេលដែលយើងឲ្យសិស្សសាលាចូលរៀន ដូចជា មិនល្អមើល ហើយមិនត្រូវនឹងចង្វាក់ការងារទៀតផង។ បន្ទាប់ទៅ ត្រូវពិនិត្យមើលកម្មវិធីមួយចំនួនទៀត ដែលយើងបានលុបចោល ដូចជាការសម្ពោធស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ ការសម្ពោធសមិទ្ធផល នៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំ និងអស់ថវិកាយ៉ាងច្រើន។ យើងត្រូវតែសម្ពោធ កម្មវិធីមួយចំនួនដែលយើងធ្វើកន្លងទៅនេះ អាចរៀបចំឡើងវិញ ដើម្បីឲ្យដំណើរការ ការងារធម្មតា ជាមួយនឹងការបើកឲ្យដំណើរការ

សម្តេចបន្តថា “បើយើងមិនបើកជាទូទៅទេ ការស្លាប់ដោយសារសេដ្ឋកិច្ច គឺជាការស្លាប់ដែលពិបាក ជាងការស្លាប់ដោយសារកូវីដទៅទៀត

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងពីរឿង ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងអស់ផងដែរ។ ត្រង់ចំណុចនេះសម្តេចរំលេចថា បើសិនជាអនុញ្ញាតឲ្យសិស្សចូលរៀនវិញនោះ បែរជាកម្មវិធីនានា និងដំណើរការសេដ្ឋកិច្ចនៅបិទ គឺជារឿងមិនត្រឹមត្រូវ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថា ការបើកឲ្យដំណើរការឡើងវិញ នូវសកម្មភាពនានា ដោយសារតែកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ ខណៈដែលដំណើរការចាក់វ៉ាក់សាំងវិញ ក៏បានជោគជ័យយ៉ាងត្រចេះត្រចង់ទៀតផង។

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកប្រទេសឡើងវិញ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីករណីឆ្លង នៅក្នុងប្រទេសបានថយចុះ ខណៈដែលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសរុបចំនួន ១៣,៦៤៣,៤១៥នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here