សុខុម
តូក្យូ: ទីផ្សារភាគហ៊ុនអាស៊ី បានហក់ឡើងនៅថ្ងៃសុក្រ ទី២២ តុលា នេះ ខណៈទីផ្សារភាគហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន ក៏បានហក់ឡើងស្រឺតៗ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group បង់ការប្រាក់លើបំណុលរបស់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ដូចយើងបានដឹងហើយថា ក្រុមហ៊ុន Evergrade បានជួបវិបត្តិបំណុលធ្ងន់ធ្ងរ ដោយខកខានបង់ការប្រាក់ជាបន្តបន្ទាប់លើថ្លៃបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០៥ពាន់លានដុល្លារអាមេរិក របស់ខ្លួន។ វិបត្តិក្រុមហ៊ុននេះបានធ្វើវិស័យអចលនទ្រព្យក្នុងប្រទេសចិន ទាំងមូលដាំក្បាលចុះយ៉ាងខ្លាំង ហើយក៏ធ្វើឱ្យទីផ្សារពិភពលោកទទួលរងភាពរង្គោះរង្គើផងដែរនៅមួយរយៈពេលចុងក្រោយនេះ។
ទោះជាយ៉ាងណា លទ្ធភាពរបស់ក្រុមហ៊ុនទំហំយក្សមួយនេះនៅក្នុងការបង់ការប្រាក់លើថ្លៃបំណុលរបស់ខ្លួនពេលនេះ គឺជាសញ្ញាវិជ្ជមានគួរឱ្យអបអរសាទរទាំងសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសចិន ក៏ដូចជាវិស័យអចលនទ្រព្យក្នុងតំបន់។
ដោយសារចំហាយនៃលទ្ធផលសងការប្រាក់របស់ក្រុមហ៊ុន Evergrade បានជំរុញឱ្យទីផ្សារភាគហ៊ុនជប៉ុន Nikkei ហក់ឡើង០,៧%ដែលនាំមុខដោយភាគហ៊ុនបច្ចេកវិទ្យា ហើយទីផ្សារភាគហ៊ុនជប៉ុន ដ៏ធំមួយទៀត Topix ក៏បានហក់ឡើង០,៦%ដែរ។
ទីផ្សារភាគហ៊ុនបន្ទះឈីបរបស់ប្រទេសចិន បានហក់ឡើង០,៣% ដោយសន្ទស្សន៍ទីផ្សារអចលនទ្រព្យចិន CSI300 បានហក់ឡើង២,៥%។ ទីផ្សារភាគហ៊ុនហុងកុង Hang Seng បានហក់ឡើង០,៤% ខណៈសន្ទស្សន៍តាមដានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោក (ចិនប៉េកាំង) ដែលចុះបញ្ជីនៅហុងកុង បានហក់ឡើង៤,៣%។
ប្រភពមួយបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន បានផ្ទេរប្រាក់ទៅកាន់គណនីទិញលក់អចលនទ្រព្យមួយកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការទូទាត់ការប្រាក់លើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលដែលដល់ពេលត្រង់បង់កាលពីថ្ងៃទី២៣ ខែកញ្ញា។
ហើយដំណឹងអំពីការទូទាត់ការប្រាក់នេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះហក់ឡើង៥,៤%៕ Reuters៕