កម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកមេកានិចយន្ដហោះឲ្យមកធ្វើការជូនរដ្ឋ

0

ដោយៈ សុធារី

ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអះអាងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងត្រូវការអ្នកជំនាញ ផ្នែកមេកានិចយន្ដ​ហោះ ឲ្យមកធ្វើការជូនរដ្ឋទាក់ទងនឹងវិស័យអាកាសចរណ៍នេះ។

ខណៈនេះរដ្ឋាភិបាល ក៏បានបង្កនូវលក្ខណៈងាយស្រួលឲ្យសិស្សនិស្សិត ដែលបានរៀនចំជំនាញនេះ អាចឆ្លៀតពេលធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍នានា តាមលទ្ធភាពដែលអាចធ្វើបានផងដែរ។

លោក ម៉ៅ ហាវណ្ណាល់ អះអាងយ៉ាងដូច្នេះ នៅក្នុងឱកាសជួបជាមួយនឹងតំណាងសមាគមនិស្សិតខ្មែរប្រចាំប្រទេសរុស្ស៊ី និងនិស្សិតចំនួន៤រូប ដែលបានទទួលអាហារូបករណ៍សិក្សារយៈពេល៥ឆ្នាំ លើមុខវិជ្ជាមេកានិកយន្ដហោះ ទាក់ទងនឹងតួ និងម៉ាស៊ីនយន្ដហោះ។

ថ្នាក់ដឹកនាំអាកាសចរស៊ីវិលរូបនេះ បានគូសបញ្ជាក់ថា ដើម្បីអាចយកចំណេះផ្នែកវិជ្ជាមេកានិកយន្ដហោះមកធ្វើការ និងប្រកបអាជីវកម្មបាន នៅក្រោយពេលបញ្ចប់ការសិក្សា សិស្សនិស្សិតត្រូវតែ សង្វាតរៀនសូត្រ និងក្រេបជញ្ជក់នូវចំណេះវិជ្ជាក្នុងវិស័យអាកាសចរនេះ ជាបីសេសឲ្យបាននូវបច្ចេកវិទ្យាថ្មីៗ ដែលទើបរកឃើញ ពិសេសគឺការសិក្សាភាសាអង់គ្លេសឲ្យបានស្ទាត់ជំនាញ។

លោក ម៉ៅ ហាវណ្ណាល់ បានបន្ថែមទៀតថា នៅពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកមេកានិចយន្តនេះ ដើម្បីធ្វើការជាមួយក្រុមហ៊ុនអាកាសចរ ឬជាមួយរដ្ឋបាន និស្សិតទាំងអស់ត្រូវសិក្សាបន្ថែម ដើម្បីទទួលបានវិញ្ញាប័នបត្របញ្ជាក់ប្រភេទ Type Rating។ ឧទាហរណ៍ ប្រសិនបើគាត់ធ្វើការជាមួយក្រុមហ៊ុន ដែលប្រើប្រាស់យន្តហោះ Boeing គាត់ត្រូវរៀនយក Type Rating របស់Boeing។

លោកបន្ថែមថា “បច្ចុប្បន្ននេះ រដ្ឋក៏ត្រូវការអ្នកជំនាញទាំងអស់នោះ មកធ្វើការឲ្យរដ្ឋផងដែរ ព្រមទាំងបង្កលក្ខណៈងាយស្រួល ឲ្យគាត់ឆ្លៀតពេលធ្វើការនៅក្រុមហ៊ុនអាកា​សចរនានា តាមលទ្ធភាពដែលអាចធ្វើបាន”។

  1. ជំនាញផ្នែកមេកានិចយន្ដហោះនេះ គឺជាជំនាញកម្រមួយ ហើយមានតែការសិក្សានៅសាលាអន្តរជាតិនៅក្រៅប្រទេសប៉ុណ្ណោះ ទើបមានបង្រៀនមុខវិជ្ជានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here