ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានថ្លែងថា ការប្រកាសបើកប្រទេសឡើងវិញរបស់សម្តេចតេជោហ៊ុន សែនកាលពីម្សិលម៉ិញ ជាឱកាសមាសសម្រាប់កម្ពុជា។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២ វិច្ឆិកានេះថា សម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក កម្ពុជាបានឈរចំណាត់ថ្នាក់ទី១ ដែលបានចាក់វ៉ាក់សាំងបានច្រើនជាងគេ ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយការប្រកាសបើកប្រទេសឡើងវិញនេះ វាជាឱកាសមាសដ៏ធំធេងសម្រាប់កម្ពុជា។
អ្នកឧកញ៉ាបានបន្តថា “ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការបើកសេដ្ឋកិច្ចឡើងវិញរបស់សម្តេចតេជោ ដែលវានឹងនាំមកនូវឱកាសរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម”។ អ្នកឧកញ៉ាបន្តថា “ចំណែកវិស័យលំនៅដ្ឋាន និងសំណង់នានានឹងងើបឡើងវិញបណ្តើរៗ ស្របពេលតម្រូវការលំនៅដ្ឋាននៅតែបន្តកើនឡើង”។
អ្នកឧកញ៉ាលី ហួរបានបន្តថា នៅពេលអនាគតឆាប់ៗនេះ ឃ្លាំងជួលនឹងមានតម្រូវការខ្ពស់ ដែលអាចរកឃ្លាំងជួលមិនបាន ដោយសារនឹងមានលំហូររោងចក្រ សហគ្រាសច្រើនមកកាន់កម្ពុជា ព្រោះប្រទេសក្នុងតំបន់ជាច្រើនកំពុងជួបបញ្ហា និងកលយុគ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា វិស័យលំនៅដ្ឋាននៅតែរីកចម្រើន និងបន្តសាងសង់ ដោយសារអ្នកមានលុយនៅក្នុងស្រុក លែងយកលុយទុកនៅធនាគារបរទេស។ ពួកគេបានទុកប្រាក់៣៧ពាន់លានដុល្លារនៅតាមធនាគារក្នុងស្រុក។
សម្តេចបន្តថា “អ្នកសាងសង់បុរីនៅតែបន្តសាងសង់ និងលក់ដាច់ ដោយសារអ្នកមានលុយទិញទុកយកចំណេញ នៅពេលផ្ទះឡើងថ្លៃ និងខ្លះទៀតទិញទុកសម្រាប់កូនរបស់ខ្លួន”៕