ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានថ្លែងថា ការមកដល់ នៃអ្នកវិនិយោគអចលនទ្រព្យថ្មីៗមកកាន់កម្ពុជា ត្រូវការពេលវេលាបន្ថែមទៀត ដែលគួររង់ចាំដល់ឆ្នាំ២០២៣។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១ វិច្ឆិកាកន្លងមកថា ការសម្រេចចិត្តបើកប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាល ជារឿងល្អ ដែលធ្វើឲ្យវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យមានដំណើរការងើបឡើង ល្អប្រសើរបណ្តើៗឡើងវិញ នៅត្រីមាសទី៤ឆ្នាំនេះ។
លោកបន្តថា “ការពិតបើនិយាយពីត្រីមាសទី២ ទី៣ឆ្នាំនេះ វិស័យនេះស្ទើរសន្លប់ធំទៅហើយ ប៉ុន្តែចូលមកដល់ត្រីមាសទី៤នេះ យើងរំពឹងអ្វីៗនឹងមានសកម្មភាពល្អមកវិញ បណ្តើរៗ ប៉ុន្តែមិនច្រើនពេកនោះទេ”។ លោកបន្តថា “ការចាកចេញស្រួលទេ វេចបញ្ចិច តែពីរបីវ៉ាលីចេញបានហើយ តែការត្រលប់មកវិញរបស់អ្នកវិនិយោគបរទេស ជារឿងលំបាកមួយ ព្រោះពួកគេត្រូវការពេលវេលាមួយសមស្រប”។
ទាក់ទងនឹងស្ថានភាពឆ្នាំ២០២២ លោកឧកញ៉ាគីម ហ៊ាងបានមានប្រសាសន៍ពន្យល់ថា “សម្រាប់ឆ្នាំ២០២២ខាងមុខ ខ្ញុំគិតថាអ្នកវិនិយោគចាស់ៗ និងអ្នកវិនិយោគដែលរកបានផលចំណេញនៅកម្ពុជា ពួកគេនឹងត្រលប់មកវិញ ជារឿងល្អ ប៉ុន្តែអ្នកវិនិយោគថ្មីៗត្រូវការពេលវេលា”។
ទោះជាយ៉ាងណា លោករំពឹងនិងមានក្តីសង្ឃឹមសម្រាប់ឆ្នាំ២០២៣ ទោះបីជាមានការបោះឆ្នោត ក៏មិនមានអ្វីគួរឲ្យបារម្ភនោះទេ ស្ថានភាពនយោយាបាយនឹងល្អប្រសើរ ដោ យសារគ្មានបក្សណាខ្លាំង មកប្រកួតប្រជែងនោះទេ៕