ដោយៈសុខុម
សេអ៊ូល: នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum បានលើកឡើងកាលពីថ្ងៃអង្គារ ទី២ វិច្ឆិកា ថា វិស័យឯកជនរបស់ប្រទេសលោក គ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៦,៣ទ្រីលានវ៉ុន (៥,៤ពាន់លានដុល្លារអាមេរិក) លើការផលិត និងចែកចាយវ៉ាក់សាំងកូវីដ-១៩ នៅត្រឹមឆ្នាំ២០២៤។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា គម្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឡើង ស្របពេលប្រទេសនេះ កំពុងស្វះស្វែងធ្វើយ៉ាងណាឱ្យក្លាយខ្លួន ជាមហាអំណាចពិភពលោកផ្នែកផលិតវ៉ាក់សាំង។
ប្រទេសកូរ៉េខាងត្បូង ទទួលបានកិច្ចព្រមព្រៀងរួចទៅហើយ សម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ ចំនួន៣ប្រភេទ ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Novavax និងប្រទេសរុស្ស៊ី។ ប្រទេសនេះក៏មានកិច្ចព្រមព្រៀងច្រកដប និងវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ ជាមួយក្រុមហ៊ុន Moderna ផងដែរ។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ផែនការវិនិយោគនេះ រួមមាន ការចំណាយ ៣,៦ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Samsung BioLogics និង១,៥ទ្រីលានវ៉ុន (១,២៧ពាន់លានដុល្លារអាមេរិក) ដោយដោយក្រុមហ៊ុនផលិតឱសថ Celltion ផងដែរ។
ប្រធានាធិបតីកួរ៉េខាងត្បូង លោក Moon Jae-in កាលពីខែឧសភា បានបង្ហាញផែនការរបស់លោក ដែលចង់ប្រែក្លាយប្រទេសកូរ៉េខាងត្បូង ឱ្យក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងពិភពលោក បន្ទាប់ពីព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិក លោក ចៃ បៃឌិន លើការចាប់ដៃគូសហការ ដែលនឹងច្របាច់បញ្ចូលគ្នា នូវជំនាញឯកទេសរបស់សហរដ្ឋអាមេរិក និងសមត្ថភាពផលិតរបស់កូរ៉េខាងត្បូង។
កាលពីខែសីហា ប្រធានាធិបតី Moon Jae-in បានលើកឡើងថា លោកនឹងកំណត់យកវ៉ាក់សាំងកូវីដ-១៩ ជាបច្ចេកវិទ្យាមួយ ក្នុងចំណោមបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិចំនួន៣ រួមជាមួយការផលិតបន្ទះឈីប និងអាគុយ ដោយមានគោលបំណងបង្កើនការវិនិយោគ ផ្តល់ការបន្ធូរបន្ថយពន្ធ និងផ្តល់គ្រឿងលើកទឹកចិត្តផ្សេងៗទៀត ដើម្បីជួយក្រុមហ៊ុននានា៕ Reuters៕