ដោយៈសុខុម
ភ្នំពេញ: ប្រទេសម៉ាឡេស៊ីបានស្នើឱ្យកម្ពុជា ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន ដែលនឹងចូលកាន់តំណែងនៅឆ្នាំក្រោយ រក្សាទុកមុខតំណែង និងការតាំងតែងលោក Erywan Yusof អនុរដ្ឋមន្ត្រីការបរទេសព្រុយណេ ជាបេសកជនពិសេសរបស់អាស៊ាន ប្រចាំនៅមីយ៉ាន់ម៉ា ឱ្យនៅដដែល។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ដែលបានចុះផ្សាយកាលពីថ្ងៃទី២ វិច្ឆិកា។
លោក Datuk Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងថា វាចាំបាច់ណាស់ ដែលលេខាធិការដ្ឋានអាស៊ាន គួររក្សាទុកមុខតំណងរបស់លោក Erywan Yusof ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែង និងការងារជាបន្ត ជាពិសេសនៅក្នុងការបញ្ចប់អំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា និងបើកកិច្ចចរចារវាងក្រុមមេដឹកនាំយោធា និងក្រុមប្រឆាំង។
លោកបានបន្ថែមទៀតថា “ការរាប់បញ្ចូលមេដឹកនាំស៊ីវិល គឺលោកស្រី អ៊ុង សានស៊ូជី ក្នុងជំនួបចរចាទាំងនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីឆ្ពោះទៅរកការដោះស្រាយបញ្ហានានា ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។
លោកបញ្ជាក់ថា អគ្គលេខាធិការនៃក្រសួងការបរទេស ក៏បានជូនដំណឹងមកកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន ដើម្បីកោះប្រជុំក្រុមមន្ត្រីជាន់ខ្ពស់អាស៊ាន សម្រាប់បើកកិច្ចពិភាក្សាបន្ថែមអំពីជំហានបន្ទាប់ ដែលត្រូវធ្វើជុំវិញបញ្ហាប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា ក៏ត្រូវធានាសុវត្ថិភាព សម្រាប់ក្រុមអ្នកស្ម័គ្រចិត្ត ដែលកំពុងផ្តល់ជំនួយមនុស្សធម៌ ឱ្យចូលជួយប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ តុលា បានកោះប្រជុំដោយគ្មានវត្តមាន មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ា មិនព្រមបញ្ជូនតំណាង ដែលមិនមែនជាអ្នកនយោបាយ ឱ្យមកចូលរួមកិច្ចប្រជុំ ដោយសារក្រុមឧត្តមសេនីយ៍កំពូលៗរបស់ខ្លួន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំទាំងនេះ។
ក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល មិនធ្លាប់មានកាលពីថ្ងៃទី១៥ តុលា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចរារាំងមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលនៅថ្ងៃទី១ ខែកុម្ភៈ ដើមឆ្នាំនេះមិនឱ្យចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន ដោយសារតែលោកមិនសូវមានសកម្មភាពចូលរួមនៅក្នុងការអនុវត្តកុងសង់ស៊ីស៥ចំណុច (Five-Point Consensus) ដើម្បីឆ្ពោះទៅរកការបញ្ចប់វិបត្តិនយោបាយ ដែលបង្កឡើងដោយរដ្ឋប្រហារ៕ The Edge Markets៕