ក្រុមហ៊ុនអាមេរិកធំៗមានសុទិដ្ឋិនិយមចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជា

0

ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកប្រទេសបើកសង្គម សេដ្ឋកិច្ចឡើងវិញបណ្ដាអាជីវករក្នុងស្រុកក៏ដូចជាវិនិយោគិនបរទេសក៏រំពឹងថាបង្កើនល្បឿនរបស់ខ្លួនឡើងវិញ ក្នុងនោះវិនិយោគិនមកពីអាមេរិកក៏បានបង្ហាញសុទិដ្ឋិនិយមរបស់ខ្លួនចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ។
នៅក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១ វិច្ឆិកា២០២១នេះ លោក Amb Michalak អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានឱ្យដឹងថា លោកសូមសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ហើយក្រុមហ៊ុនអាមេរិកក៏បានសម្ដែងនូវសុទិដ្ឋិនិយមក្នុងការបន្តការវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ជាពិសេសនោះ គឺជួយគាំទ្រក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ និងការគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២ខាងមុខ ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានលើកឡើងពីភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនកម្ពុជា និងការត្រៀមខ្លួនលើការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ។ បន្ថែមពីនេះទៀត លោកបានលើកឡើងពីសក្ដានុពលពាណិជ្ជកម្មកម្ពុជា អាមេរិក ដែលបានបន្តកើនឡើងទោះក្នុងវិបត្តិកូវីដ១៩ក្ដី ជាក់ស្ដែងក្នុងរយៈពេល៨ខែដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មសរុបមានចំនួនជាង៥,៥ពាន់លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ២៨,៤៦ភាគរយ បើធៀបនឹង៨ខែដើមឆ្នាំ២០២០កន្លងទៅនេះ ។
លោកក៏បានបង្ហាញពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននិងគតិយុត្តិ ព្រមទាំងគោលនយោបាយផ្សេងៗដើម្បីស្ដារនិងជំរុញសេដ្ឋកិច្ចកម្ពុជាដែលមានដូចជា ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីលថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង មុខងារ និងតួនាទីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំពិសេសគឺការយកចិត្តទុកដាក់ដល់ការការពារកម្មសិទ្ធិបញ្ញា ។
កន្លងមកមានក្រុមហ៊ុនអាមេរិចដែលបានចូលមកវិនិយោគក្នុងប្រទេសកម្ពុជាជាច្រើនដូចជា Century 21 Cambodia, ERA Cambodia, KW Cambodia, Coca Cola, Pizza Hut, Ford, King Burger ជាដើម។
លោកបានមានប្រសាន៍ថា កម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនកាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦ តុលា២០២១ រួមទាំងសមាជិកភាពរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់RCEP ផងដែរ ។
អ្នកវិនិយោគិននិងធុរជនក្នុងស្រុកហាក់បង្ហាញពីសុទិដ្ឋិនិយមរបស់ខ្លួនចំពោះការបើកប្រទេសឡើងវិញរបស់កម្ពុជា ដែលអាចធ្វើឱ្យវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានសកម្មភាពនិងកំណើនឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here