មហាយក្សចិនកាន់តែឡើងកូត ពេលអាមេរិកស្នើសុំឱ្យក្រុងប៉េកាំងជួយបញ្ចេញស្តុកប្រេងគួរឱ្យភ្ញាក់ផ្អើល

0

ដោយៈសុខុម

សៀងហៃ: សហរដ្ឋអាមេរិក និងប្រទេសចិន តែងតែប្រជែងគ្នា ឬអាចនិយាយបានថាវ៉ៃគ្នាមិនឈប់ ដែលមិនខុសពី Tom និង Jerry នោះឡើយ។ ហេតុនេះហើយ ពិភពលោកពិតជាភ្ញាក់ផ្អើលណាស់ ពេលធ្លាយដំណឹងថា មហាអំណាចទាំង២នេះកំពុងតែត្រូវរ៉ូវគ្នា។

យោងតាមសារព័ត៌មាន Global Times ដែលចុះផ្សាយនៅថ្ងៃពុធ ទី២៤ វិច្ឆិកា នេះឱ្យដឹងថា ពេលនេះសហរដ្ឋអាមេរិក កំពុងតែ “ងាកទៅពឹងបាក់ឱ្យប្រទេសចិនឲ្យជួយ” បញ្ចេញស្តុកប្រេងខ្លះ ដើម្បីទប់អតិផរណាដែលកំពុងហក់ឡើងនៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្នើសុំឱ្យបណ្ដាប្រទេសប្រើប្រាស់ប្រេងធំៗបំផុតមួយចំនួនរបស់ពិភពលោក រួមមាន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងមហាយក្សចិន ពិចារ​ណាជួយបញ្ចេញប្រេងច្រើនលានបារ៉ែល ពីស្តុកប្រេងជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីធ្វើឱ្យតម្លៃប្រេងចុះថោក និងដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

ជាការឆ្លើយតប ការិយាល័យស្តុកប្រេងរបស់ប្រទេសចិន និយាយថា ពេលនេះខ្លួនកំពុងធ្វើការជុំវិញការបញ្ចេញស្តុកប្រេងឆៅ ប៉ុន្តែមិនបានឆ្លើយបំភ្លឺឡើយជុំវិញសំណើរបស់សហរដ្ឋអាមេរិក។

កាសែតចិន Global Times បានចុះផ្សាយថា អតិផរណាកំពុងតែគំរាមកំហែងដល់គណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយ។

កាសែតនេះបានបន្ថែមទៀតថា “ជាលទ្ធផលរដ្ឋការរបស់លោក ចូ បៃឌិន នឹងត្រូវងាកទៅពឹងពាក់ប្រទេសចិនជាថ្មីម្តងទៀត។ នេះជាទិសដៅដែលផ្តល់ផលប្រយោជន៍ដល់ទាំងអស់គ្នា ប៉ុន្តែច្បាស់ណាស់ថា ប្រទេសចិន កាន់តែមានឥទ្ធិពលជាងមុន”។

សហរដ្ឋអាមេរិក និងមហាយក្សចិន ខ្វែងគំនិតគ្នាច្រើនរឿងណាស់ រួមមាន ដូចជាជុំវិញប្រភពដើម នៃការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ វិធានស្ដីពីពាណិជ្ជកម្ម និងការប្រកួតប្រជែង ឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលរីកកាន់តែធំរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងការដាក់សម្ពាធកាន់តែខ្លាំងរបស់ខ្លួនលើកោះតៃវ៉ាន់ ព្រមទាំងបញ្ហាជាច្រើនទៀត។

ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងប្រធានាធិបតី ស៊ី ជីនភីង បានសន្ទនាគ្នាយ៉ាងយូរតាមរយៈ Video Conference កាលពីសប្ដាហ៍មុន ដែលមជ្ឈដ្ឋានទូទៅ មើលឃើញថាជាកិច្ចប្រឹងប្រែងរួមមួយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដែលល្អក់កកររវាងប្រទេសមហាអំណាចទាំង២៕ The Edge Markets ៕

LEAVE A REPLY

Please enter your comment!
Please enter your name here