ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន លោកច្រឹក សុខនីមបានមានប្រសាសន៍ថា នៅពេលដែលសាធារណជនកាន់តែមានទំនុកចិត្ត លើគុណភាពសេវាកម្មវាយតម្លៃ អ្នកអាជីពក្នុងវិស័យនេះ នឹងដើរតួមាទីយ៉ាងសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក និងតំបន់។
លោកបានមានប្រសាសន៍ ក្នុងពិធីបើកសមាជសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ានលើកទី២៣ ដែលកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី២៥ វិច្ឆិកាកន្លងមកថា នៅពេលដែលសេវាកម្មវាយតម្លៃទទួលបានការគាំទ្រ និងទំនុកចិត្តពីសាធារណៈជនតម្រូវការលើសេវាកម្ម ដែលមានគុណភាពនឹងកើនឡើង។
លោកច្រឹក សុខនីមបន្តថា សមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងតួអង្គសំខាន់ៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងទីផ្សារអចលនវត្ថុ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃអចលនវត្ថុ ក្នុងតំបន់អាស៊ាន ក្នុងបរិការណ៍នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ពិសេសចូលរួមចំណែកដល់ការរក្សានិរន្តភាព នៃសកម្មភាពទីផ្សារអចលនវត្ថុ នៅក្នុងតំបន់។
លោកបានបង្ហាញសុទិដ្ឋិនិយមថា ប្រធានបទនៃការពិភាក្សាថ្ងៃនេះ មានសារៈសំខាន់សម្រាប់សមាជ ដែលកំពុងផ្តល់សេវាកម្មវាយតម្លៃ និងចែករំលែកបទពិសោធន៍កាលពីឆ្នាំមុន។ ជាមួយគ្នានេះ សមាជនឹងវាយតម្លៃលើបញ្ហាប្រឈម និងឱកាសនាពេលបច្ចុប្បន្ន ដើម្បីស្វែងរកវិធានការថ្មីៗ ដើម្បីធ្វើឱ្យល្អប្រសើរក្នុងការផ្តល់សេវាកម្ម ក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសនីមួយៗ និងក្នុងតំបន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ចំណែកលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគាំទ្រ និងលើកទឹកចិត្ត ឱ្យមានការរៀបចំសមាជនសមាគមអ្នក វាយតម្លៃអាស៊ាន នៅឆ្នាំក្រោយៗទៀត ដោយឈរលើមូលដ្ឋាន នៃការពង្រឹងកិច្ចសហប្រតិបត្តិការការសិក្សាស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក សំដៅពង្រឹងគុណ ភាព និង លើកកម្ពស់វិជ្ជាជីវៈនេះ ឱ្យកាន់តែទទួលបាននូវជំនឿទុកចិត្តពីសាធារណជនបន្ថែមទៀត ដើម្បីទទួលបាននូវកិត្យានុភាព និងធានាបាននូវការប្រកួតប្រជែងជាមួយបណ្តាដៃគូ ដែលប្រកបធុរកិច្ចដូចគ្នានៅក្នុងតំបន់ ។
លោកបន្តថា នៅពេលដែលសាធារណជន កាន់តែមានជំនឿទុកចិត្តចំពោះគុណភាពនៃការផ្តល់សេវាកម្មរបស់អ្នក វាយតម្លៃអចលនវត្ថុ គឺមានន័យថា អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យនេះនឹងមានតួនាទីកាន់ត សំខាន់នៅក្នុងទីផ្សារអចលនវត្ថុ ទាំងនៅក្នុងប្រទេសរបស់ខ្លួន និងទាំងនៅក្នុងតំបន់អាស៊ានទាំងមូល ហើយការប្រើប្រាស់សេវាកម្មវាយតម្លៃក៏កាន់តែមានការរីកចម្រើនឡើងថែមទៀត៕