ការវិនិយោគអចលនទ្រព្យនៅកម្ពុជាភាគច្រើនធ្វើឡើងទៅតាមជំនោរទីផ្សារ?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានកំណើនឡើងខ្ពស់ បើធៀបនឹងរយៈពេលកន្លងមក ហើយក៏មានអ្នកជំនួញអ្នកវិនិយោគក្នុងស្រុកជាច្រើន បានងាកទោរកវិស័យអចលនទ្រព្យដើម្បីជារបរបន្ថែមក្នុងការរកប្រាក់ចំណេញរបស់ខ្លួន។

ប៉ុន្តែការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ហាក់មិនបានផ្ដោតខ្លាំងទៅលើតម្រូវការជាមូលដ្ឋាននោះទេ ។

លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុនិងជាអ្នកវិនិយោគអចលនទ្រព្យមួយនៅកម្ពុជាបានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍កាលពីពែលថ្មីៗនេះឱ្យដឹងថា យើងឃើញមួយរយៈចុងក្រោយនេះ អ្នកចូលរួមវិនិយោគក្នុងវិស័យអចលនទ្រព្យ ពិតជាមានច្រើនមែន ប៉ុន្តែពួកគាត់ មិនបានផ្ដោតទៅលើតម្រូវការជាមូលដ្ឋានទេ គឺធ្វើឡើងទៅតាមជំនោរទីផ្សារ។

លោកបន្តថា “ការវិនិយោគដោយធ្វើឡើងតាមជំនោរទីផ្សារនេះ មានន័យថាការធ្វើឡើងដោយតាមគ្នា ដោយឃើញគេរកស៊ីយ៉ាងម៉េចបានក៏ធ្វើតាមគេដែរ ទាំងដែលខ្លួនមិនទាន់មានបទពិសោធន៍ ចំណេះដឹងទៅលើវិស័យនោះទាល់តែសោះ”។ លោកបន្តថា “មួយចំនួនធំអ្នកដែលវិនិយោគលើដីធ្លី មិនមានគោលបំណងច្បាស់លាស់នោះទេ ដោយមិនដឹងថាតើត្រូវវិនិយោគដើម្បីអ្វី  វិនិយោគទៅលើផ្នែកណាមួយជាដើម”។

លោកង៉ែត ជូឱ្យដឹងថា ការវិនិយោគនៅកម្ពុជាលើវិស័យអចលនទ្រព្យ មិនបានផ្ដោតទៅលើតម្រូវការជាក់ស្ដែង ដូចបណ្ដាប្រទេសមួយចំនួននោះទេ ដោយការវិនិយោគអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺអាស្រ័យលើឥរិយាបថរបស់ប្រជាពលរដ្ឋកម្ពុជា។

ចំណែកលោកសំ សុខនឿនប្រធានសមាគអចលនទ្រព្យសកលក៏បានលើកឡើងកាលពីពេលកន្លងមកថា ការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា ផ្នែកខ្លះហាក់លើសពីតម្រូវការជាក់ស្ដែងទៅហើយ ដូចជាការអភិវឌ្ឍលំនៅឋានបច្ចុប្បន្ននេះ មើលទៅគឺដូចជាលើសអ្វីដែលប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការទិញ ហើយជាក់ស្ដែងផ្ទះនៅតាមបុរីមួយចំនួនក៏មានតែផ្ទះតែមិនមានមនុស្សរស់នៅដែរ ។

កាលពីមួយរយៈមុននេះ ប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ លើការទិញដីឡូត៏ ដោយបង់រំលស់ជាប្រចាំខែ  ។ កាលនោះ អ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើនមើលឃើញថាមានអ្នកទិញច្រើន ក៏នាំគ្នាទៅអភិវឌ្ឍន៍ជាដីឡូត៏ ទាំងអ្នកធ្វើការក្នុងវិស័យផ្សេងៗ ក៏ទៅចូលរួមក្នុងការអភិវឌ្ឍដីឡូត៏សម្រាប់លក់ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here