ដោយ: ម៉ាលីស
អន្តរជាតិៈ Ikea ដែលជាក្រុមហ៊ុនលក់រាយរបស់ប្រទេសស៊ុយអែត កំពុងក្លាយជាម្ចាស់លំនៅឋាននៅជប៉ុន ដែលអាផាតម៉ិនតូចៗរបស់ពួកគេ នឹងដាក់ជួលនៅទីក្រុងតូក្យូក្នុងតម្លៃទាបជាង១ដុល្លារក្នុងមួយខែ។
អាផាតមិនទំហំ 10 ម៉ែត្រការ៉េ (107 ហ្វីតការ៉េ) មានទីតាំងនៅក្នុងសង្កាត់ Shinjuku ហើយនឹងត្រូវចំណាយត្រឹមតែ99 យ៉េន (0.86 ដុល្លារ) ក្នុងមួយខែ ដើម្បីជួល នេះបើយោងតាមព័ត៌មានលម្អិត ដែលចេញផ្សាយដោយ Ikea ក្នុងសប្តាហ៍នេះ។
មានតែមួយយូនីតប៉ុណ្ណោះ ហើយវាត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹម និងគ្រឿងបរិក្ខាររបស់ Ikea យ៉ាងពេញលេញ។ ក្រុមហ៊ុនកំពុងទទួលយកពាក្យសុំពីអ្នកជួលដែលមានសក្តានុពល ដែលត្រូវតែមានអាយុលើសពី20 ឆ្នាំ រហូតដល់ថ្ងៃទី3 ខែធ្នូ។
តំណាងក្រុមហ៊ុនIkea បាននិយាយថា អាផាតម៉ិន នឹងត្រូវបានជួលរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣។ អ្នកជួលនឹងត្រូវបង់វិក្កយបត្រប្រើប្រាស់ផ្ទាល់ខ្លួន។
១០ម៉ែត្រការ៉េមិនធំទេ ប៉ុន្តែIkea និយាយថា ពួកគេបានប្រឹងប្រែងធ្វើវាយ៉ាងលំបាក ដើម្បីអោយក្លាយជាកន្លែងរស់នៅមួយ ដែលអាចទទួលយកបាន។
តំណាងក្រុមហ៊ុនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “គន្លឹះមួយគឺត្រូវប្រើប្រាស់ចន្លោះ បញ្ឈរឱ្យបានល្អ។ ដោយការចាប់យកបន្ទប់ជា៣វិមាត្រ នេះជាលទ្ធភាពថ្មី ដែលទំហំមានដែនកំនត់”។
ទីក្រុងតូក្យូគឺជាទីក្រុងមួយ ស្ថិតក្នុងចំណោមទីក្រុង ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ដែលជំរុញឱ្យមាននិន្នាការសម្រាប់អាផាតម៉ិនខ្នាតតូចៗ។ វាជាផ្ទះសម្រាប់មនុស្សជាង១៤លាននាក់ នេះបើយោងតាមរដ្ឋាភិបាលទីក្រុងតូក្យូ។
ក្រុមហ៊ុន Ikea កំពុងផ្សព្វផ្សាយផ្ទះដ៏តូចរបស់ខ្លួន ដោយមានជំនួយពីត្រីឆ្លាមមួយក្បាលឈ្មោះBlahaj ដែលបង្ហាញនៅក្នុងវីដេអូផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលត្រូវបានផ្សព្វផ្សាយនៅលើ YouTube ។
តួអង្គ Blahaj បង្ហាញពីភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញក្នុងកន្លែងតូចៗ។ នៅក្នុងឈុតខ្លីៗ លោក Blahaj បង្ហាញពីចក្ខុវិស័យរបស់គាត់ សម្រាប់អាផាតមិនដ៏តូចនេះ ដោយមានជំនួយពីសមាជិកនៃក្រុមរចនាផ្ទៃខាងក្នុង Ikea ។
នេះមិនមែនជាលើកទីមួយទេដែល Ikea ដែលបានចូលរួមអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ៕ ប្រភព: CNN៕