ដោយៈសុផារី
ភ្នំពេញៈ អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំសមាជិក-សមាជិកា រៀបចំប្រជុំសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដឹកនាំដោយលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ជាសមាជិករបស់សមាគមជាង៥០ក្រុមហ៊ុន និងមន្ដ្រីជំនាញបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
អង្គប្រជុំបានពិភាក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈមនានា និងបានរកដំណោះស្រាយរួមគ្នា ដើម្បីបន្ដជំរុញដំណើរការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូ ដែលមានកំណើនតម្រូវការខ្ពស់ លើការប្រើប្រាស់បណ្ដាញទឹកស្អាតពេលបច្ចុប្បន្ន។
ជាលទ្ធផលអង្គប្រជុំបានសម្រេច លទ្ធផលចំនួន៣ចំណុចដូចជា ទី១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២”។ ទី២ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឯកភាពបង្កើតយន្ដការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ក្នុងការបន្ដលើកកម្ពស់ខ្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាលគម្រោងអភិវឌ្ឍន៍សំណង់នីមួយៗ។
ទី៣ ការបង្ហាញពីបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់ តាមបណ្ដាលជាយក្រុងភ្នំពេញ ដោយរៀបចំសិក្សាបន្ថែមពន្លឿនយន្ដការដោះស្រាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕