រដ្ឋាភិបាលចិនរឹបអូសឡាយឡុងកីឡដ្ឋានបាល់ទាត់តម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Evergrande

0

ដោយៈសុខុម

ហុងកុង: រដ្ឋាភិបាលប្រទេសចិន បានរឹបអូសកីឡដ្ឋានបាល់ទាត់របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group យកមកលក់ឡាយឡុង ខណៈក្រុមហ៊ុននេះកំពុងដុនដាបខ្លាំង និងខ្វែងដៃខ្វែងជើងរកលុយមកសងបំណុលរុំកោះរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ វិច្ឆិកា។

ប្រភពច្បាស់ការណ៍ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុន Evergrande ដែលជំពាក់បំណុលរុំកោះ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក៏កំពុងពិចារណាលក់ក្លឹបបាល់ទាត់ Guangzhou Football Club របស់ខ្លួនផងដែរ។

ដំណើរការសាងសង់កីឡដ្ឋានបាល់ទាត់ Guangzhou Evergrande Football Stadium ដែលតាមការអះអាងថាធំជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទុនវិនិយោគរហូតដល់ទៅ១២ពាន់លានយ័ន (១,៨៦ពាន់លានដុល្លារអាមេរិក) នេះបានចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមដំណាច់ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande បានផ្អាកការសាងសង់កណ្ដាលទីដោយ​សារខ្វះដើមទុន ហើយការគ្រប់គ្រងលើកីឡដ្ឋាននេះ ក៏ត្រូវធ្លាក់ទៅលើអាជ្ញាធរដែលគ្រោងលក់វាឡាយឡុង។

ទន្ទឹមនេះ ប្រភពមួយផ្សេងទៀតបានទម្លាយឱ្យដឹងដែរថា ការសាងសង់កីឡដ្ឋាននេះផ្អាកយ៉ាងហោចណាស់៣ខែមកហើយ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយជុំវិញរឿងនេះ។ កាលពីខែកញ្ញា ក្រុមហ៊ុននេះបានអះអាងថា ការងារសាងសង់កីឡដ្ឋាននេះកំពុងដំណើរការ “ជាធម្មតា”។

Evergrande ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលលក់ដាច់ជាងគេបំផុតរបស់ប្រទេសចិន ប៉ុន្តែឥឡូវនេះកំពុងតែដុនដាបខ្លាំង ក្នុងការរកលុយសងម្ចាស់បំណុល និងក្រុមហ៊ុនផ្គត់ផ្គង់។ ប្រភពដែលដឹងរឿងនេះ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលថ្នាក់តំបន់ទូទាំងប្រទេសចិន កំពុងរ៉ាប់រងមើលការខុសត្រូវលើការលក់ទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុននេះដើម្បីដោះបំណុល៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here