ផ្លូវក្រវាត់ក្រុងទី៣កំពុងទាក់ទាញសក្ដានុពលអភិវឌ្ឍន៍លំនៅឋានខណៈបុរីថ្មីមួយទទួលបានការចាប់អារម្មណ៍ពីអតិថិជន

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលផ្លូវក្រវាត់ក្រុងទី៣ កាន់តែជិតរួចរាល់និងដំណើរការប្រើប្រាស់ វិនិយោគិនជាច្រើន ក៏បានចាប់អារម្មណ៍លើការវិនិយោគ នៅតាមបណ្ដោយផ្លូវនេះលើការអភិវឌ្ឍជាលំនៅឋានផងដែរ។

ជាក់ស្ដែងនាពេលបច្ចុប្បន្នតំបន់នៅក្បែរៗផ្លូវក្រវាត់ឃើញថា មានការអភិវឌ្ឍលើគម្រោងលំនៅឋានជាច្រើន ជាពិសេសគម្រោងលំនៅឋាន ដែលមានតម្លៃខ្ពស់ៗពីអ្នកអភិវឌ្ឍន៍ក្នុងស្រុក ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ វិច្ឆិកានេះថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីសក្ដានុពលកាន់តែខ្លាំង ទៅលើការអភិវឌ្ឍលំនៅឋាន ជាក់ស្ដែងដូចយើងបានឃើញស្រាប់ហើយ នៅក្រុងតាខ្មៅ តំបន់ប៉ែកខាងត្បូង រាជធានីភ្នំពេញ មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ជាបន្តបន្ទាប់។

លោកបន្តថា “ការអភិវឌ្ឍលំនៅឋាន នៅតាមបណ្ដោយនៃផ្លូវក្រវាត់ក្រុងមួយនេះក៏ត្រូវបែងចែកជាលំនៅឋានដែលមានតម្លៃថ្លៃៗ ដោយភាគច្រើនគឺនៅជិតៗក្រុង ហើយលំនៅឋានតម្លៃសមរម្យភាគច្រើន នៅឆ្ងាយពីក្រុងបន្តិច ដូចជាគម្រោងលំនៅឋានរបស់អ្នកឧកញ៉ាសៀ ឬទ្ធីជាដើម”។

ចំណែកលោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឱ្យដឹងផងដែរថា តំបន់ដែលមានការទាក់ទាញខ្លាំងជាងគេ ក្នុងចំណោមតំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ គឺតំបន់ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលតំបន់នេះធ្វើឱ្យតម្លៃដីធ្លីហក់ឡើងខ្ពស់មែនទែន ។

លោកស្រីនិយាយថា “ពីមុនដីធ្លីនៅតំបន់នោះ មានតម្លៃត្រឹម៥០ដុល្លារទៅ៦០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពេលនេះ វាមានតម្លៃរហូតដល់រាប់រយដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។លោកស្រីបន្តថា “តំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣នេះ កំពុងមានទាក់ទាញបន្ថែមទៀត ពិសេសការអភិវឌ្ឍគម្រោងលំនៅឋាន ហើយវានឹងមានការទាក់ទាញកាន់តែខ្លាំងថែមទៀត នៅពេលអនាគតខាងមុខនេះ”។

អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន នៅក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏បានលើកយកពីហេតុផលនៃការអភិវឌ្ឍផ្លូវនេះ និងព្រលានយន្តហោះជាយុទ្ធសាស្ត្រទីផ្សារ សម្រាប់ការលក់លំនៅឋានរបស់ខ្លួនដែរ ។

បើតាមលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកន្លងមកក៏បានលើកឡើងផងដែរ ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល ដែលអាចជំរុញសក្ដានុពលអភិវឌ្ឍន៍ អចលនទ្រព្យមួយកម្រិតទៀតផងដែរ ហើយវិនិយោគិនតែងតែសម្លឹង ទៅមើលលើតំបន់ណា ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើនក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន។

បុរី GB Residence បាននិងកំពុងបង្ហាញខ្លួននៅតំបន់នេះ លើទំហំផ្ទៃដី៩ហិកតា​ជាមួយនឹងផែនការវិនិយោគរាប់លានដុល្លារ ដែលបុរីថ្មីនេះផ្តោតលើលំនៅដ្ឋានបែបអាជីវកម្ម វីឡា និងរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម ដ៏ល្បីល្បាញលំដាប់ពិភពលោកបានបង្ហាញស្នាដៃរបស់ពួកគេជាលើកដំបូងនៅបុរីនេះ។

ជាមួយគ្នានេះ អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងកាលពីពេលថ្មីៗនេះថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់ តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាពប្រណីត ភាព និងភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។​ លោកបន្តថា “ផ្ទះក្នុងគំរោង GB Residence មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។

បុរី GB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here