ស្រុកតំបែរទទួលបានអគារពិនិត្យព្យាបាលជំងឺទូទៅចំនួន ៣ជាន់ថ្មីមួយទៀត

0

ដោយៈសុផារី

ត្បូងឃ្មុំៈ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ “ពិនិត្យ ព្យាបាលជំងឺទូទៅតេជោសែន តំបែរ” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ភ្ជាប់ទៅនឹងសមិទ្ធផលដែលស្រុកតំបែរ ទទួលបាននាពេលនេះ លោកជាម ច័ន្ទ​សោភ័ណអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានក្រុមការងារ និងសហការីដែលបានខិតខំពុះពារ យកអស់ស្មារតីទទួលខុសត្រូវក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានលះបង់កំលាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន កៀរគរសប្បុរសជន រៀបចំកសាងអគារនេះឡើងទុកបម្រើសុខភាពជូនប្រជាពលរដ្ឋតាមការចាំបាច់ និងស្របតាមស្ថានភាពនៃកំណើនសេចក្តី ត្រូវការបន្ទប់ពិនិត្យ និងព្យាបាលជំងឺទូទៅ ស្របតាមការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ។

ចំពោះអគារថ្មីនេះ លោកបានលើកទឹកចិត្ត ជំរុញនិងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់ដែលបម្រើសុខភាពសាធារណ: ចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថេ​រភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី​។

លោកបានផ្តាំផ្ញើឲ្យអាជ្ញាធរស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកឲ្យខិតខំយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពល រដ្ឋឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនប្រកាន់វណ្ណ: និន្នាការ ជាតិសាសន៍ បក្សពួក។ល។

ដោយឡែកលោកគ្រូ អ្នកគ្រូពេទ្យត្រូវខិតខំសិក្សា ស្រាវជ្រាវបន្ថែម ដើម្បីបង្កើនសមត្ថភាពលើការងារបច្ចេកទេស ផ្តល់សេវាជូនប្រជសពលរដ្ឋមានប្រសិទ្ធភាពខ្ពស់ តាមវិជ្ជាជីវ:។ គ្រប់ភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិក កម្មករ ត្រូវរួមគ្នាថែរក្សាអគារនេះ ឲ្យបានគង់វង្សទុកប្រើប្រាស់ជាប្រយោជន៍រួបសម្រាប់បម្រើសុខភាព ជូនបងប្អូនស្រុកតំបែរតរៀងទៅ។ បើទោះបីយើងមានអគារថ្មី យើងក៏ត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ “មានសុខភាពល្អ គ្រួសារមានសុភមង្គល សង្គមជាតិមានការរីកចម្រើន និងការពារប្រសើរជាងព្យាបាល”។

មន្ទីរពេទ្យបង្អែកតំបែរជាមន្ទីរពេទ្យបង្អែកកម្រិត១ ស្ថិតនៅក្រោមការគ្របដណ្តប់របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតំបែរ ដែលបានបំបែកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក មានទីតាំងស្ថិតក្នុងបរិវេណមណ្ឌលសុខភាពតំបែរ ភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here