ដោយ៖ សុផារី
កម្ពុជា/ ថៃៈ អាជ្ញាធរថៃ និងកម្ពុជាកំពុងរៀបចំបើកច្រកព្រំដែន ក្នុងខេត្តស្រះកែវឡើងវិញ ថ្ងៃទី១៥ ឬ១៦ ខែធ្នូខាងមុខនេះ ដើម្បីបើកលទ្ធភាពបញ្ជូនពលករ និងអាជីវករខ្មែរត្រឡប់ទៅប្រទេសថៃវិញ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ រវាងអភិបាលខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ និងបាត់ដំបង នៅក្នុងស្រុកអារញ្ញប្រាថេត ប្រទេសថៃ ដើម្បីពិភាក្សាអំពីការបើកដំណើរការនេះបានឲ្យដឹងថា កិច្ចប្រជុំភាគីទាំង២ បានពិភាក្សា ដើម្បីឈានដល់ការបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ រួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកបឹងត្រកួន រីឯខេត្តបាត់ដំបង គ្រោងបើកច្រកទ្វារអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ។
ភាគីកម្ពុជាបានស្នើសុំឲ្យចេញ ចូលប្រជាពលរដ្ឋទៅធ្វើការព្រឹកវិលល្ងាច ១ថ្ងៃត្រឹម ៣,០០០នាក់ ពោលចេញចូលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃ អនុញ្ញាតត្រឹម៣០០រទះក្នុង១រទេះ តែ១ជើង តែត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលជានិច្ច។ សម្រាប់ពលករដែលមានបណ្ណឆ្លងព្រំដែន ត្រូវអនុញ្ញាតរយៈពេល៣ខែ សម្រាប់ធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។
អភិបាលខេត្តស្រះកែវ លោក Parinya Photisat បាននិយាយថា ភាគីទាំងអស់បានព្រមព្រៀងគ្នាជាជំហានដំបូងថា ប៉ុស្តិ៍ត្រួតពិនិត្យចំនួនបួន ក្នុងនោះមានច្រកព្រំដែនអចិន្ត្រៃយ៍ចំនួនពីរ និងច្រកពាណិជ្ជកម្មព្រំដែនចំនួនពីរ នឹងបើកដំណើរការឡើងវិញ។
ផ្អែកលើការពិភាក្សាជាជំហានដំបូង លោកបាននិយាយថា អាជ្ញាធរបានយល់ព្រមក្នុងការអនុញ្ញាតឱ្យអាជីវករកម្ពុជារហូតដល់៣,០០០ នាក់ ត្រឡប់ចូលប្រទេសវិញ ដើម្បីធ្វើពាណិជ្ជកម្មឆ្លងដែនឡើងវិញ នៅផ្សាររ៉ុងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត ដែលជាតំបន់មួយដែលមមាញឹកបំផុតនៅតាមព្រំដែនកម្ពុជា-ថៃ។
លោកបន្តថា សម្រាប់អ្នកដែលចង់ធ្វើការនៅចម្ការអំពៅ នឹងត្រូវជ្រើសរើសដោយនិយោជកនៅព្រំដែន ហើយយកទៅធ្វើចម្ការ ដោយកម្មករទាំងនោះមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកន្លែងផ្សេងទៀតទេ លុះត្រាតែមានការអនុញ្ញាត។
លោកបន្តថា កិច្ចប្រជុំក៏បានផ្តោតទៅលើវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកម្មករកម្ពុជាត្រូវអនុវត្តតាម ដើម្បីទទួលបានការចូលនៅពេលប៉ុស្តិ៍ ត្រួតពិនិត្យបើកឡើងវិញ ដោយតម្រូវឱ្យមានការចាក់វ៉ាក់សាំង ការធ្វើតេស្តរហ័ស និងការធានារ៉ាប់រងសុខភាព ឬការធានារ៉ាប់រងសង្គម។
លោកបានបន្ថែមថា ការិយាល័យសុខាភិបាលខេត្ត នឹងពន្លឿនការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចបានគោលដៅ៧០% ហើយផែនការឆ្លើយតបនឹងជំងឺកូវីដ-១៩ នឹងត្រូវរៀបចំឡើង ដើម្បីដោះស្រាយរាល់ការផ្ទុះឡើង៕